រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ភាពតានតឹងថ្មិ នៅតំបន់មជ្ឈិមបូព៌ា ដោយសារការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គំរាមកំហែងសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយបញ្ជាក់ជាថ្មីនូវការអំពាវនាវឲ្យវិលត្រឡប់ទៅរកការចរចាវិញ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា «ជុំចុងក្រោយនៃភាពតានតឹងដែលកំពុងកើនឡើង គឺពោរពេញទៅដោយផលវិបាកអវិជ្ជមានថ្មីៗបន្ថែម សម្រាប់ស្ថានភាពនៅក្នុងតំបន់ និងសេដ្ឋកិច្ចពិភពលោកទាំងមូល»។ ដោយជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ លោក Peskov បានអំពាវនាវឲ្យវិលត្រឡប់ទៅរកការចរចាវិញ។
គួរបញ្ជាក់ថា ការវាយប្រហារសងសឹកគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តអស់រយៈពេល ២ថ្ងៃជាប់គ្នា ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងបើកការវាយប្រហារបន្ថែម ប្រសិនបើទីក្រុងតេអេរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗទេនោះ។
កាលពីថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ី បានប្រាប់ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពតានតឹងកាន់តែខ្លាំងឡើងៗ ដោយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងបញ្ឈប់ការវាយប្រហារជាបន្ទាន់៕