ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា ការពឹងផ្អែកជាប្រពៃណីរបស់ទីក្រុងសេអ៊ូល លើសហរដ្ឋអាមេរិក សម្រាប់វិស័យការពារជាតិ លែងសមស្របទៀតហើយ ហើយប្រទេសនេះនឹងប្រឹងប្រែងក្លាយជាដៃគូដែលមានសមត្ថភាពការពារជាតិពឹងលើខ្លួនឯង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីតាលី Corriere della Sera ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ លោក Lee បានលើកឡើងថា៖ «ខ្ញុំជឿថា វិធីសាស្រ្តបែកខ្នែង ២ បែបនេះ បានបាត់បង់ភាពសមស្របរបស់វាហើយ អំឡុងការប្រែប្រួលថ្មីៗ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយ»។ នេះបើតាមអត្ថបទដកស្រង់បកប្រែផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល។
អ្វីដែលលោកបានលើកឡើងនេះ គឺសំដៅទៅលើរូបមន្តការទូតយូរអង្វែងរបស់កូរ៉េខាងត្បូងផ្នែក «សន្តិសុខជាមួយសហរដ្ឋអាមេរិក និងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន»។ ជាមួយគ្នានេះ លោកបានបន្តទៀតថា ទីក្រុងសេអ៊ូលក៏នឹងធ្វើការផងដែរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងវ៉ាស៊ីនតោនជាផ្នែកមួយនៃវិធីសាស្រ្តថ្មី ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិរបស់ប្រទេស ឲ្យកាន់តែប្រសើរឡើង។
តែយ៉ាងណាក្ដី លោក Lee បានបញ្ជាក់ថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក នៅតែជា «អាក់ស៊ីសមូលដ្ឋាន» នៃការទូតរបស់កូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពស្វយ័តរបស់ទីក្រុងសេអ៊ូល គឺត្រូវការ ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាព។
គួរបញ្ជាក់ថា លោក Lee កំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីតាលី រហូតដល់ថ្ងៃអង្គារ។ ប្រទេសកូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តចំណាស់ជាងគេ និងជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាមេរិក ដោយមានទាហានអាមេរិកប្រហែល ២៨.០០០នាក់ ឈរជើងនៅឧបទ្វីបកូរ៉េ ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក រវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល៕