នាថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ «យ៉ាងខ្លាំងក្លានៅយប់នេះ» ហើយឆាប់ៗនេះ នឹងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារប្រេង និងឧស្ម័នរបស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។
លោក Trump បានសរសេរបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «នៅពេលណាមួយ ក្នុងអនាគតដ៏ខ្លីខាងមុខ យើងនឹងដណ្តើមកាន់កាប់កោះ Kharg និងទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងទៀត ហើយគ្រប់គ្រងទីផ្សារប្រេង និងឧស្ម័នរបស់ពួកគេទាំងស្រុង ដូចដែលយើងធ្វើជាមួយប្រទេសវ៉េណេស៊ុយអេឡា»។
ការលើកឡើងនេះកើតមានបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារសងសឹកគ្នា តាមអាកាសអស់រយៈពេល ២ថ្ងៃជាប់គ្នា។ ការកើនឡើងនៃអរិភាពនេះ បានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ដោយសារមានការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិក នៅជិតច្រកសមុទ្រ Hormuz ដែលបានបង្កជាការវាយប្រហារសងសឹក នៅទូទាំងប្រទេសអ៊ីរ៉ង់ និងលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក នៅជុំវិញតំបន់នេះ។
ហើយនេះគឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ចំពោះបទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នាកាលពីខែមេសា ដោយបំផ្លាញក្តីសង្ឃឹម ដែលថា នឹងមានការបញ្ចប់យ៉ាងឆាប់រហ័សនូវសង្គ្រាម ដែលបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ ជាមួយនឹងការវាយប្រហារតាមអាកាសរួមគ្នាដ៏ធំ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់៕