ការបើកដំណើរការស្ពានកាណាដា-អាមេរិកឆ្លងកាត់ទន្លេទីក្រុង Detroit ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមរារាំងនៅមុននេះ ត្រូវបានពន្យារពេលដោយសារតែ «នៅសល់បញ្ហាដោះស្រាយពុំទាន់រួចរាល់»។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះមុនពិធីកាត់ខ្សែបូនាថ្ងៃសុក្រ នៅឯស្ពាននេះ អាជ្ញាធរស្ពាន Windsor-Detroit បានឲ្យដឹងថា «ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានយល់ព្រមពន្យារពេលការបើកដាក់ឲ្យដំណើរការស្ពាននេះ ដោយប្រើពេលវេលាចាំបាច់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់»។
ស្ពានអន្តរជាតិ Gordie Howe ត្រូវបានគ្រប់គ្រងរួមគ្នា ដោយកាណាដា និងរដ្ឋ Michigan ហើយត្រូវបានគេរំពឹងថា នឹងបើកឲ្យធ្វើចរាចរណ៍នៅចុងខែនេះ។
ការបើកស្ពាននេះនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់អស់រយៈពេលជាច្រើនខែ បន្ទាប់ពីលោក Trump ដែលជាមេដឹកនាំទៅពីគណបក្សសាធារណរដ្ឋ កាលពីខែកុម្ភៈ បានទាមទារឲ្យកាណាដាប្រគល់យ៉ាងហោចណាស់ពាក់កណ្តាលនៃកម្មសិទ្ធិគ្រប់គ្រងស្ពានទៅឲ្យរដ្ឋាភិបាលសហព័ន្ធអាមេរិក និងយល់ព្រម ចំពោះការទាមទារដែលមិនបានបញ្ជាក់ផ្សេងទៀត នៅក្នុងការទាមទារជាច្រើនរបស់លោក ជុំវិញបញ្ហាពាណិជ្ជកម្មឆ្លងព្រំដែន៕