លោក Sarbananda Sonowal គឺជារដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវិកបាត់ខ្លួនទាំង ៣នាក់ របស់ឥណ្ឌា បានស្លាប់ ក្រោយការវាយប្រហាររបស់យោធាសហរដ្ឋអាមេរិកលើនាវាដឹកប្រេងមួយគ្រឿង នៅក្នុងតំបន់ឈូងសមុទ្ររបស់អូម៉ង់ ។
លោក Sonowal និយាយថា វាពិតជារឿងគួរឲ្យសោកស្ដាយណាស់ ពេលបានដឹងពីឧបទ្ទេវហេតុដ៏សោកសៅនេះ នៅលើនាវា MT Settebello ដោតទង់ជាតិប៉ាឡូ ។
លោកបន្តថា នាវិកឥណ្ឌា ៣នាក់ ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន ឥឡូវត្រូវបានបញ្ជាក់ហើយថា ពួកគេបានស្លាប់ ក្រោយរកឃើញសាកសពរបស់ពួកគេ ។
សហរដ្ឋអាមេរិកនិយាយថា យោធារបស់ខ្លួន បានបើកការវាយប្រហារលើនាវាមួយគ្រឿងដែលមិនស្តាប់តាមការណែនាំ ហើយនិងដឹកប្រេងពីអ៊ីរ៉ង់ ។
ប្រភពព័ត៌មានរបស់ឥណ្ឌា បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទីក្រុងញូវដែលី បានកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក បន្ទាប់ពីដាក់កំណត់ទូតតវ៉ាចំពោះការវាយប្រហារនេះ ៕