ព្រះបរមរាជវាំងថៃបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ១២មិថុនា ២០២៦ នេះ ថា ព្រះនាង ផាត់ចារគិទិយាផា (Bajrakitiyabha ) របស់ប្រទេសថៃ ដែលបានសន្លប់អស់រយៈពេលជាងបីឆ្នាំ បានសោយព្រះពិរាល័យឬ នៅម៉ោង៧ និង៤៨នាទីយប់ថ្ងៃព្រហស្បតិ៍១១មិថុនា នៅមន្ទីរពេទ្យ Chulalongkorn ក្នុងព្រះជន្ម ៤៧ព្រះវស្សា។

ព្រះនាងបានដួលសន្លប់កាលពីខែធ្នូ ឆ្នាំ២០២២ ខណៈកំពុងបណ្ដើរសុនខរបស់ទ្រង់។ គ្រូពេទ្យរបស់ព្រះនាងបានសន្មតថាវាបណ្តាលមកពីចង្វាក់បេះដូងមិនទៀងទាត់ធ្ងន់ធ្ងរ ដំណើរឈាមមិនប្រក្រតី សម្ពាធឈាមទាប រលាកពោះវៀនធំ និងមានជំងឺរលាកសួតដែលបណ្តាលមកពីការឆ្លងមេរោគ mycoplasma នៅក្នុងបេះដូងរបស់ព្រះនាង។

ចំពោះការសោយព្រះពិរាល័យរបស់ព្រះនាង គ្រួសាររាជវង្សថៃបានបាត់បង់សមាជិកដែលមានសមត្ថភាពខ្ពស់បំផុត និងជាមនុស្សម្នាក់ដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការស្នងរាជ្យដែលមិនទាន់ច្បាស់លាស់នៅឡើយ។
ព្រះនាងគឺជាបុត្រីច្បងក្នុងចំណោមបុត្រ ៧ អង្គ របស់ព្រះបាទ វ៉ាជីរ៉ាឡុងកន (Vajiralongkorn ។ព្រះនាងប្រសូតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៨ ពី មហេសីដំបូង និងជាបងប្អូនជីដូនមួយរបស់ព្រះអង្គ គឺព្រះនាង សូមសាវ៉ាលី ( Soamsawali)។
ព្រះនាងត្រូវបានបណ្តុះបណ្តាលជាមេធាវី ដោយទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីរពីសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក។ ព្រះនាងបានធ្វើការមួយរយៈខ្លីនៅបេសកកម្មថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មុនពេលត្រឡប់ទៅប្រទេសថៃវិញ ដើម្បីធ្វើការនៅការិយាល័យអគ្គព្រះរាជអាជ្ញានៅទីក្រុងបាងកក និងកន្លែងផ្សេងទៀតនៅក្នុងប្រទេសនេះ។
ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ ព្រះនាងគឺជាឯកអគ្គរាជទូតថៃប្រចាំប្រទេសអូទ្រីស ជាកន្លែងដែលទ្រង់បានបង្កើតទំនាក់ទំនងជាមួយការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)៕
