
ត្បូងឃ្មុំ៖ លោក គន់ រ័ត្នមុនី អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ស្នើឲ្យយុវជនត្រូវចូលរួមការពារសមិទ្ធផលរាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាសុខសន្តិភាព។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោក គន់ រ័ត្នមុនី អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល ជាមួយយុវជនគណបក្សក្នុងឃុំចំនួន៣ រួមមាន ឃុំស្រឡប់ ឃុំបឹងព្រួល និងឃុំពាមជីលាំងស្រុកត្បូងឃ្មុំ។
លោក គន់ រ័ត្នមុនី ថ្លែងថា ក្រោមការដឹងនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញពីសង្រ្គាមស៊ីវិល ក្លាយជាប្រទេសមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាបន្តបន្ទាប់។
លោក គន់ រ័ត្នមុនី បានលើកឡើងថា សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតចេញពីការបូជា លះបង់របស់យុវជនយើងជំនាន់មុន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ ប្រកបដោយផែនការច្បាស់លាស់ និងទស្សនៈវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
លោក គន់ រ័ត្នមុនី បានកោតសរសើរដល់សមាជិកគណបក្ស ឃុំ និងសកម្មជនយុវជនគណបក្សឃុំ ដែលបានចូលរួម និងលះបង់ខ្ពស់ដើម្បីបុព្វគណបក្ស និងជាតិមាតុភូមិ និងបានជម្រុញដល់សកម្មជនយុវជនទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាអ្នកបន្តវេនចូលរួមដឹកនាំគណបក្ស និងប្រទេសជាតិឱ្យកាន់តែរុងរឿង។
លោក គន់ រ័ត្នមុនី បានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវចូលចូលរួមជួយសកម្មភាពក្នុងមូលដ្ឋាន និងត្រូវជួយផ្សព្វផ្សាយនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាឲ្យបាននូវសុខសន្តិភាពដែលមានមកដល់បច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសនោះ លោក គន់ រ័ត្នមុនី បាននាំយកអំណោយ ជាថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន ៤៧គ្រួសារ ក្នុងឃុំបឹងព្រួល និងឃុំពាមជីលាំងផងដែរ៕







