ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា មិនអាចបន្ថែមកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ (ASEAN U-19 Boys' Championship) ឆ្នាំ២០២៦ ឡើយ ក្រោយបរាជ័យត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមជម្រើសជាតិ U19 ថៃ ដោយលទ្ធផល ៤-០ នៅល្ងាចថ្ងៃទី១១ ខែមិថុនា នៅកីឡដ្ឋាន Utama Sumatera Utara ប្រទេសឥណ្ឌូនេស៊ី។
ទោះបីខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ តែកម្ពុជា នៅសល់ឱកាសមួយទៀត ដើម្បីសាងប្រវត្តិសាស្ដ្រថ្មីផងដែរ គឺការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី១៣ ខែមិថុនាស្អែក បន្ទាប់ពីក្រុមជម្រើសជាតិ U19 ឥណ្ឌូនេស៊ី បានរងបរាជ័យដូចគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុមជម្រើសជាតិ U19 អូស្ដ្រាលី ដោយលទ្ធផល ១-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។
សម្រាប់ការប្រកួតលើកដំបូង ក្នុងវគ្គ ៤ក្រុមចុងក្រោយរបស់ក្រុមគោព្រៃជំទង់កម្ពុជា បានចាប់ផ្ដើមយ៉ាងល្អ នៅដើមវគ្គទី១ ជាមួយការដាក់សម្ពាធ និងបង្កើតឱកាសជាបន្ដបន្ទាប់ តែសោកស្ដាយមិនអាចសម្រេចទីបាន ហើយកាន់តែសោកស្ដាយទៀតនោះ គឺការបាត់បង់សមាជិកម្នាក់ នៅនាទី៦០ ក្រោយកីឡាករ ញឹម អូវ៉ាន់ដា រងពិន័យកាតក្រហម ស្របពេលគូប្រជែងនាំមុខ ២គ្រាប់តាំងពីវគ្គទី១ ដែលនាំឲ្យគូប្រកួតបន្ដមានប្រៀប និងរកបាន ២គ្រាប់បន្ថែម នៅចុងវគ្គទី២។
ថ្វីដ្បិតក្រុមជម្រើសជាតិ U19 កម្ពុជា ខកខានឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រ តែផ្អែកលើការខំប្រឹងរបស់ក្រុមការងារ និងកីឡាករកម្ពុជា ដែលបានសាងនូវកំណត់ត្រាប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង ក្រុមគោព្រៃជំទង់កម្ពុជា បានទទួលការសាទរជាច្រើនពីមហាជន និងអ្នកគាំទ្រ ក្នុងនោះក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តពីវិស័យឯកជនផងដែរ ជាក់ស្ដែងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ គ្រាដែល Cambodia Lite បានឧបត្ថម្ភថវិកា ៥០លានរៀល ដល់ក្រុមជម្រើសជាតិ U19 កម្ពុជា ដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានយុវជនប្រចាំតំបន់អាស៊ាននេះផងដែរ៕ អត្ថបទ លី ឈុនឡា




