ការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ត្រូវបានបើកដំណើរជាផ្លូវការ ខណៈម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា ធ្វើជាប្រទេសសហម្ចាស់ផ្ទះ។
ក្រុមម្ចាស់ផ្ទះម៉ិកស៊ិក បានចាប់ផ្តើមយុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 យជាមួយនឹងជោគជ័យ ដោយយកឈ្នះអាហ្វ្រិកខាងត្បូងក្នុងលទ្ធផល ២-០ នៅការប្រកួតបើកឆាកពូល A ដែលធ្វើឡើងនៅកីឡដ្ឋាន Estadio Azteca។
ខ្សែប្រយុទ្ធ Julian Quinones បានស៊ុតបាល់យ៉ាងអស្ចារ្យមួយគ្រាប់ ដើម្បីបើកការនាំមុខឱ្យម្ចាស់ផ្ទះ ខណៈ Raul Jiménez បន្ថែមមួយគ្រាប់ទៀតតាមរយៈការតែតបញ្ចូលទី។ ជ័យជម្នះនេះកាន់តែមានន័យសម្រាប់ម៉ិកស៊ិក ខណៈការប្រកួតមានភាពតានតឹងខ្លាំង ដោយមានកីឡាករចំនួន ៣ នាក់ត្រូវបានបណ្តេញចេញពីទីលាន ហើយក្រុមអាហ្វ្រិកខាងត្បូងបានបញ្ចប់ការប្រកួតដោយសល់តែកីឡាករ ៩ នាក់ប៉ុណ្ណោះ។
នៅរដ្ឋធានី Mexico City អ្នកគាំទ្ររាប់ពាន់នាក់បាននាំគ្នាទៅកាន់តំបន់ទស្សនាការប្រកួតសាធារណៈជាច្រើនកន្លែង ជាពិសេសនៅទីលាន Zócalo Square កណ្តាលទីក្រុង។ ពួកគេបានស្លៀកពាក់អាវក្រុមជម្រើសជាតិ និងប្រមូលផ្តុំគ្នាតាំងពីព្រឹកព្រលឹម ដើម្បីគាំទ្រក្រុមជាទីស្រឡាញ់របស់ខ្លួន។
បន្ទាប់ពីសំឡេងកញ្ចែបញ្ចប់ការប្រកួត អ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដោយចាត់ទុកជ័យជម្នះនេះថា ជាការចាប់ផ្តើមដ៏ល្អសម្រាប់ក្រុមជម្រើសជាតិម៉ិកស៊ិកក្នុងដំណើរស្វែងរកភាពជោគជ័យនៅ World Cup 2026៕ អត្ថបទ៖នាង សុភាវុធ




