លោក Jim McGovern សមាជិកសភាសហរដ្ឋអាមេរិកបានបញ្ជាក់ពីការស្លាប់របស់ក្មេងប្រុសប៉ាឡេស្ទីនអាយុប្រាំមួយឆ្នាំម្នាក់ដោយសារជំងឺមហារីកគ្រាប់ឈាម ជាគំរូនៃផលវិបាកចំពោះការបិទផ្លូវរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោក McGovern បាននិយាយថា កុមាររូបនេះ បានស្លាប់ក្នុងពេលរង់ចាំរដ្ឋាភិបាលរបស់លោក Netanyahu អនុម័តសំណើសុំជម្លៀសចេញផ្នែកវេជ្ជសាស្រ្ត ខណៈលោក McGovern បានប្រកាសថាលោកនឹងចូលរួមជាមួយសមាជិកសភាចំនួន៦១នាក់ផ្សេងទៀតដើម្បីទាមទារឱ្យរដ្ឋបាល លោក Trump ធានាឱ្យមានការរៀបចំឡើងវិញនូវការជម្លៀសចេញផ្នែកវេជ្ជសាស្រ្តពីតំបន់ហ្កាហ្សា។

កាលពីប៉ុន្មានថ្ងៃមុនេះ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាបាននិយាយថា អ៊ីស្រាអែលបានរារាំងពលរដ្ឋប៉ាឡេស្ទីនជាង ១៦.៥០០ នាក់ដែលត្រូវការការព្យាបាលនៅបរទេស មិនឱ្យចាកចេញពីតំបន់ហ្កាហ្សា។អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ អ៊ីស្រាអែល បានហាមឃាត់អ្នកជំងឺមិនឱ្យចាកចេញពីតំបន់ហ្កាហ្សា ទោះបីមាន «បទឈប់បាញ់» រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីក្នុងខែតុលា ឆ្នាំមុន ក៏ដោយ។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា អ៊ីស្រាអែល កំពុងសម្លាប់អ្នកជំងឺដោយសារតែការពន្យារពេលព្យាបាល។