មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើការវាយប្រហារម្តងទៀតប្រឆាំងនឹងអ៊ីរ៉ង់ វិសាលភាពនៃសង្គ្រាម នឹងរាលដាលហួសពីតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars កាលពីថ្ងៃព្រហស្បតិ៍។

លោក Ali Abdollahi មេបញ្ជាការនៃទីបញ្ជាការយោធារបស់អ៊ីរ៉ង់ គឺទីបញ្ជាការកណ្តាល Khatam al-Anbiya បានធ្វើការអត្ថាធិប្បាយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅលើវេទិកាផ្សព្វផ្សាយសង្គម Truth Social កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងវាយប្រហារ អ៊ីរ៉ង់ «យ៉ាងខ្លាំងនៅយប់នេះ» ហើយនឹងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់ប្រទេសនេះ ក្នុងពេលឆាប់ៗនេះ។

លោក Abdollahi បាននិយាយថា ម៉្យាងវិញទៀត សហរដ្ឋអាមេរិកបាននិយាយអំពីកិច្ចព្រមព្រៀង និងការចរចា ហើយមួយវិញទៀតនោះ បានប្រព្រឹត្ត «ទង្វើព្យាបាទ» ដោយសង្កត់ធ្ងន់ថា «ភាពផ្ទុយគ្នាយ៉ាងច្បាស់នៅក្នុងសកម្មភាព និងពាក្យសម្តីរបស់សហរដ្ឋអាមេរិក គឺជាមូលហេតុចម្បងនៃភាពអសន្តិសុខ នៅក្នុងតំបន់នេះ»។
លោក Abdollahi បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនអាចទូទាត់សងសម្រាប់ «ភាពអាម៉ាស់ និងការបរាជ័យជាបន្តបន្ទាប់» របស់ខ្លួន នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ឬលាក់បាំង «ការបង្កសង្គ្រាម» របស់ខ្លួន តាមរយៈការឃោសនា និងសង្គ្រាមតាមប្រព័ន្ធផ្សព្វផ្សាយនោះទេ៕