នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រារព្ធពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) ដោយបានបង្ហាញពីការវិនិយោគរបស់រដ្ឋាភិបាលលើវិស័យកីឡាដ៏ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ ខណៈព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ កំពុងដំណើរការនៅទូទាំងតំបន់អាមេរិកខាងជើង។
លោក Carney បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាលើកដំបូង ការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស (FIFA Men's World Cup) នឹងត្រូវលេងនៅប្រទេសកាណាដា។ ដោយមានការប្រកួតនៅទីក្រុង Vancouver និង Toronto បារកីឡា សណ្ឋាគារ និងបន្ទប់ទទួលភ្ញៀវ នឹងពោរពេញទៅដោយអ្នកគាំទ្រមកពីទូទាំងប្រទេសកាណាដា និងជុំវិញពិភពលោក»។
លោកបានកត់សម្គាល់ថា រដ្ឋាភិបាលកាណាដាបានធ្វើការវិនិយោគដ៏ធំបំផុតលើវិស័យកីឡា ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដោយបានប្តេជ្ញាចិត្តលៃទឹកប្រាក់ជាង ៧៥០លានដុល្លារ ដើម្បីគាំទ្រដល់អត្តពលិកគ្រប់កម្រិត។ មូលនិធិនេះគាំទ្រដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ជាតិកាណាដា និងរួមបញ្ចូលគម្រោងបាល់ទាត់ចំនួន ៣៣០ ដែលត្រូវបានប្រកាសកាលពីខែមុន រាប់ចាប់ពីការមើលការប្រកួតផ្សាយផ្ទាល់ រហូតដល់កម្មវិធីវប្បធម៌ដែលមានប្រធានបទបាល់ទាត់។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «ព្រឹត្តិការណ៍ FIFA World Cup ត្រូវបានគេព្យាករថា នឹងបង្កើត និងគាំទ្រការងារជិត ២៥.០០០កន្លែង និងបន្ថែម ២ពាន់លានដុល្លារដល់សេដ្ឋកិច្ចរបស់ប្រទេសកាណាដា»។
គួរបញ្ជាក់ថា ការប្រកួតនេះ ដែលរៀបចំរួមគ្នាដោយកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ហើយប្រមូលផ្តុំប្រទេសចំនួន ៤៨ សម្រាប់ការប្រកួតចំនួន ១០៤ប្រកួត នៅទូទាំងទីក្រុងចំនួន ១៦។ កាណាដានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ១៣ប្រកួត នៅទីក្រុង Toronto និង Vancouver៕



