រយៈពេលប៉ុន្មានសប្តាហ៍ទៀតចូលដល់រដូវវស្សាប្រចាំឆ្នាំដ៏សំខាន់របស់ប្រទេសនីហ្សេរីយ៉ា កសិករនៅទូទាំងភាគខាងជើង កំពុងបោះបង់ចោលដីស្រែចម្ការរបស់ពួកគេ ដោយសារតែការវាយប្រហារដោយក្រុមប្រដាប់អាវុធ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហាររបស់ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាហ្វ្រិក។
ក្រុមជីហាដ និងក្រុមចោរប្លន់ដែលមានជំនាញក្នុងការចាប់ជំរិត ដើម្បីប្រាក់លោះ និងសត្វគោក្របី បានគំរាមកំហែងសហគមន៍នៅភាគខាងជើង និងកណ្តាលប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលពួកគេបើកការវាយឆ្មក់ដ៏សាហាវ និងយកពន្ធពីកសិករដែលចង់ចូលទៅក្នុងវាលស្រែចម្ការរបស់ពួកគេ។

បន្ទាប់ពីបង់ប្រាក់លោះ កសិករមួយចំនួនគ្មានលុយនៅសល់សម្រាប់បង់ពន្ធដើម្បីចូលទៅក្នុងដីរបស់ ពួកគេ។ អ្នកផ្សេងទៀតរត់គេចខ្លួន ដោយបន្សល់ទុកវាលស្រែដែលមិនទាន់ដាំដុះនៅក្នុងប្រទេសមួយដែលមនុស្សរាប់លាននាក់ខ្វះអាហារគ្រប់គ្រាន់សម្រាប់បរិភោគជារៀងរាល់ថ្ងៃ។
លោក Ya'u Tumfafi មន្ត្រីម្នាក់នៅផ្សារគ្រាប់ធញ្ញជាតិ Dawanau នៃទីក្រុងKano បាននិយាយថា៖«ហានិភ័យនៃការខ្វះខាតស្បៀងអាហារ គឺខ្ពស់ណាស់ ដោយសារតែកសិករមួយចំនួនធំ មិនអាចចូលទៅកាន់ស្រែចម្ការរបស់ពួកគេបាន ដោយសារតែការវាយប្រហារដោយក្រុមចោរប្លន់ និងក្រុមឧទ្ទាម»៕
