តុលាការកូរ៉េខាងត្បូងបានកាត់ទោសអតីតប្រធានាធិបតី លោក Yoon Suk Yeol ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ នៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ ពាក់ព័ន្ធនឹងករណីបញ្ជូនយានដ្រូនយោធាចូលទៅក្នុងដែនដីរបស់ប្រទេសកូរ៉េខាងជើង ជាចំណាត់មួយដែលរដ្ឋអាជ្ញាបានអះអាងថា មានគោលបំណងបង្កើតលេស ដើម្បីប្រកាសច្បាប់អាជ្ញាសឹកដ៏មហន្តរាយរបស់លោក នៅឆ្នាំ២០២៤។
ការបង្ហោះយានដ្រូន ២ខែមុនពេលលោក Yoon ផ្អាកការគ្រប់គ្រងស៊ីវិល បានបង្កឲ្យមានកំហឹង នៅក្នុងទីក្រុងព្យុងយ៉ាង ដែលបានចោទប្រកាន់កូរ៉េខាងត្បូងថា បានទម្លាក់ខិត្តប័ណ្ណឃោសនាផងដែរ។
ចៅក្រមបានបញ្ជាក់ថា លោក Yoon មានបំណងញុះញង់ទីក្រុងព្យុងយ៉ាង «ឲ្យអនុវត្តសកម្មភាពប្រដាប់អាវុធ ឬសកម្មភាពសមមូល ប្រឆាំងនឹងយោធាប្រជាជនកូរ៉េខាងត្បូង»។ នេះបើយោងតាមសេចក្តីសង្ខេបនៃសេចក្តីសម្រេចរបស់ខ្លួនដែលសារព័ត៌មាន AFP បានឃើញ។
ចៅក្រមបានបន្ថែមថា លោក Yoon បានគ្រោងនឹង «បង្កើនភាពតានតឹងយោធាអន្តរកូរ៉េ និងបង្កើតវិបត្តិជាតិ» ដើម្បីឲ្យច្បាប់អាជ្ញាសឹករបស់លោកមានភាពត្រឹមត្រូវ។ អ្នកនាំពាក្យរបស់តុលាការទីក្រុងសេអ៊ូល បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី១២ ខែមិថុនានេះថា អតីតប្រធានាធិបតីរូបនេះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ ពីបទប្រើប្រាស់យានដ្រូនលុកលុយ។
គួរបញ្ជាក់ថា លោក Yoon កំពុងជាប់ឃុំឃាំង ខណៈពេលដែលលោកប្តឹងឧទ្ធរណ៍ជំទាស់នឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងដឹកនាំការបះបោរ ដោយការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។ លោកទទូចថា លោកបានប្រកាសច្បាប់អាជ្ញាសឹក «សម្រាប់តែប្រយោជន៍ជាតិ» ប៉ុណ្ណោះ៕

