ចិនបានព្រមានតំបន់សហគមន៍វាលខ្សាច់នៅភាគពាយព្យខេត្ត Xinjiang និងតំបន់ក្បែរគ្នា ឲ្យត្រៀមខ្លួនសម្រាប់ទឹកជំនន់ធ្ងន់ធ្ងរ ក្នុងរដូវក្តៅនេះ បង្កឡើងដោយសារសីតុណ្ហភាពខ្ពស់ខុសប្រក្រតី ភ្លៀងធ្លាក់ខ្លាំង និងការរលាយផ្ទាំងទឹកកឆាប់រហ័ស ។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា វាលខ្សាច់ Taklamakan ស្ថិតក្នុងខេត្ត Xinjiang ដែលជាវាលខ្សាច់ធំជាងគេបំផុតរបស់ចិន បានជួបទឹកជំនន់លើកដំបូងប្រចាំឆ្នាំ កាលពីដើមខែមិថុនានេះ ធ្វើឲ្យទឹកទន្លេ Tarim ឡើងដល់កម្រិតខ្ពស់ ។
ស្របពេលវាលខ្សាច់ Taklamakan ជួបប្រទះទឹកជំនន់ស្រដៀងគ្នា ចាប់តាំងពីឆ្នាំ ២០២១រហូតមកនោះ តាមធម្មតាទឹកជំនន់បែបនេះ កើតឡើងនៅអំឡុងខែសីហា ពេលដែលសីតុណ្ហភាពឡើងក្តៅខ្លាំងដល់កម្រិតកំពូល ។
ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពបានហក់ឡើងខ្ពស់ច្រើននៅដើមឆ្នាំនេះ ។ នៅថ្ងៃទី ១២ ខែមិថុនា ខេត្ត Xinjiang មើលឃើញសីតុណ្ហភាពក្តៅជាងមុន ៧,៣អង្សាសេ ពោលគឺកើនឡើងដល់ ៣៨អង្សាសេ ។ តំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងខេត្ត Xinjiang បានមើលឃើញភ្លៀងធ្លាក់ញឹកញាប់ផងដែរ កាលពីពេលថ្មីៗនេះ ។
ទូរទស្សន៍ CCTV រាយការណ៍ថា ទឹកភ្លៀងនៅតំបន់មួយចំនួន បានកើនឡើងទ្វេដង ឬត្រីដង ច្រើនជាងកម្រិតមធ្យមជាប្រវត្តិសាស្រ្តនៅដើមខែមិថុនានេះ ៕

