យោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ពីរនាក់ ក្នុងនោះមានមេដឹកនាំក្នុងតំបន់ម្នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារតាមអាកាសពីរលើក នៅក្នុងខេត្ត Diyala ភាគខាងកើតប្រទេសអ៊ីរ៉ាក់
យន្តហោះចម្បាំង F-16 របស់អ៊ីរ៉ាក់ បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងតាមដានរយៈពេលជាច្រើនខែ និងការស៊ើបការណ៍សម្ងាត់ដ៏ត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់អង្គភាពព័ត៌មានសន្តិសុខនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។

បន្ទាប់ពីការវាយប្រហារតាមអាកាស កងកម្លាំងជើងគោកអ៊ីរ៉ាក់ ដែលត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះសម្រាប់ប្រតិបត្តិការបោសសម្អាត បានរកឃើញសាកសពពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេ ត្រូវបានគេស្គាល់ថា ជាមេដឹកនាំជាន់ខ្ពស់ក្នុងតំបន់ Mohannad Karim Ali។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននេះ។
ខណៈពេលដែលប្រទេសអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើ IS ក្នុងឆ្នាំ ២០១៧ សមាជិកដែលនៅសេសសល់របស់ក្រុមនេះ នៅតែបន្តវាយប្រហារកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅក្នុងទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាល។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានបង្កើនយុទ្ធនាការតាមអាកាស និងថ្មើរជើងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ IS៕
