ដោយបញ្ជាក់ពីការព្យាករបឋម ទិន្នន័យផ្លូវការពីទីភ្នាក់ងារស្ថិតិជាតិបារាំង INSEE បានបង្ហាញនៅថ្ងៃសុក្រ ទី១២ ខែមមិថុនា ឆ្នាំ២០២៦) នេះថា តម្លៃទំនិញប្រើប្រាស់ នៅប្រទេសបារាំង បានកើនឡើង ២,៤ភាគរយ ធៀបនឹងឆ្នាំមុន នៅក្នុងខែឧសភា ឆ្នាំ២០២៦ នេះ ពោលគឺឡើងពីកម្រិត ២,២ភាគរយ នៅក្នុងខែមេសា។
ការកើនឡើងនេះភាគច្រើនត្រូវបានជំរុញដោយតម្លៃថាមពល ដែលបានកើនឡើង ១៦,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលគាំទ្រដោយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងឥន្ធនៈ ១១,៣ភាគរយ។ អតិផរណាសេវាកម្មក៏បានកើនឡើងលឿនផងដែរ ដោយឡើងដល់ ២,១ភាគរយ បើធៀបទៅនឹងខែមុន។
ផ្ទុយទៅវិញ កំណើនតម្លៃអាហារបានថយចុះបន្តិចមកត្រឹម ១,១ភាគរយ ខណៈដែលតម្លៃទំនិញផលិតពីរោងចក្រ នៅតែមិនប្រែប្រួល គឺនៅកម្រិតដក ០,៦ភាគរយ។ អតិផរណាមូលដ្ឋាន ដែលមិនរាប់បញ្ចូលទំនិញងាយនឹងប្រែប្រួលឡើងចុះ បានកើនឡើងដល់ ១,៥ភាគរយ នៅក្នុងខែឧសភា ដោយឡើងពី ១,២ភាគរយ នៅក្នុងខែមេសា។
ចំណែកសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ដែលសម្របសម្រួលដោយសហភាពអឺរ៉ុប (EU) បានកើនឡើង ២,៨ភាគរយ ក្នុងខែឧសភា ធៀបនឹងឆ្នាំមុន ដោយកើនឡើងពី ២,៥ភាគរយ ក្នុងខែមេសា។ មន្ត្រីបាននិយាយថា តួលេខទាំងនេះ បង្ហាញពីការកើនឡើងបន្តិចបន្តួចនៃអតិផរណា ដែលភាគច្រើនបណ្តាលមកពីថ្លៃថាមពលឡើងខ្ពស់៕

