នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋអ៊ីស្រាអែល បានបង្ហាញពីអារម្មណ៍ច្របូកច្របល់របស់ពួកគេលាយឡំក្តីសង្ឃឹមផង និងមន្ទិលសង្ស័យផងចំពោះសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្រោយលោកប្រធានាធិបតី Donald Trumpនិយាយថា កិច្ចព្រមព្រៀងអាចនឹងត្រូវបានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ អាចនៅចុងសប្តាហ៍នេះតែម្តង បើទោះបីជាទីក្រុងតេអេរ៉ង់និយាយថា ពួកគេពុំទាន់បានសម្រេចចិត្តចុងក្រោយក៏ដោយ ។
លោក Uri Pozniansky គឺជាពលរដ្ឋអ៊ីស្រាអែលវ័យ ៣៨ឆ្នាំមួយរូបនិយាយថា បើពួកយើងទទួលយកការសម្រេចចិត្ត វានឹងល្អសម្រាប់ពួកយើង ហើយនិងប្រជាជនរបស់ពួកយើង ជាពិសេសនៅតំបន់ភាគខាងជើងអ៊ីស្រាអែល ពីព្រោះថា បច្ចុប្បន្នពួកយើងរស់នៅសុខស្រួលនៅតំបន់ភាគកណ្តាល ប៉ុន្តែបងប្អូនរបស់ពួកយើង ពលរដ្ឋរបស់ពួកយើងរស់នៅមិនសុខស្រួលនោះទេនៅតំបន់ភាគខាងជើង ពួកគេគ្មានជីវិតដូចជាពួកយើងនោះទេ ។
កិច្ចព្រមព្រៀង បើសិនជាបានបញ្ជាក់ពិតមែន នឹងក្លាយជាការទម្លុះភាពទាល់ច្រកផ្នែកការទូតដ៏សំខាន់បំផុតមិនទាន់មាន ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ ក្រោយអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ពុំឲ្យមានការដឹកជញ្ជូន ។
ចាប់តាំងពីពាក់កណ្តាលខែមីនារហូតមក លោក Trump អះអាងម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ជិតកើតមានហើយ ៕

