លោក Elias Kfoury គឺជាសង្ឃនាយកអូស្សូដក់ក្រិកនៅទីក្រុង Tyre ដែលធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនលើកក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ និយាយថា ទំហំនៃការបំផ្លិចបំផ្លាញនៅលីបង់មិនដូចអ្វីដែលលោកធ្លាប់បានឃើញពីមុននោះទេ ។

លោក Kfoury និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ច្បាស់ណាស់ថា នេះគឺជាឆ្នាំដ៏លំបាកបំផុត ។ ការវាយប្រហារធ្វើឲ្យប៉ះពាល់ពលរដ្ឋ ពួកគេពុំបានលើកលែងឡើយ សូម្បីមនុស្ស ថ្ម ទីកន្លែងគោរពបូជា ឬវត្ថុបុរាណ ។
គ្រិស្តសាសនិក បានរស់នៅតំបន់ភាគខាងត្បូងលីបង់ជាយូរមកហើយតាំងពីពេលដែលកើតមានសាសនា ហើយសព្វថ្ងៃពួកគេមានចំនួនស្មើនឹងប្រហែល ៣០ភាគរយនៃពលរដ្ឋសរុបរបស់លីបង់ ។
លោក Kfoury បានប៉ាន់ប្រមាណថា យោធាអ៊ីស្រាអែលបណ្តាលឲ្យខូចខាតកន្លែងគោរពបូជាតម្លៃប្រហែលជាង ១០០លានដុល្លារនៅតំបន់ភាគខាងត្បូងលីបង់ ។ ព្រះវិហារកាតូលិក St. George Melkite រងការខូចខាតដោយសារការវាយប្រហាររបស់អ៊ីស្រាអែល អំឡុងសង្រ្គាមលើកមុន ហើយបច្ចុបន្នក្លាយជាអគារបាក់បែក ៕
