អ្នកនាំពាក្យមួយរូប បាននិយាយថា នឹងមានការពន្យារពេល និងការលុបចោលជើងហោះហើរយ៉ាងច្រើន នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Hamburg របស់ប្រទេសអាល្លឺម៉ង់ នាថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ បន្ទាប់ពីស្ថានីយមួយត្រូវជម្លៀសអ្នកដំណើរចេញ ដោយសារតែឧប្បត្តិហេតុសន្តិសុខ។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «វិធានការប្រុងប្រយ័ត្នដែលត្រូវបានធ្វើឡើងដោយនគរបាលសហព័ន្ធបានបញ្ចប់ហើយ ហើយអ្នកដំណើរ ឥឡូវនេះ កំពុងឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខជាថ្មី។ ប្រតិបត្តិការហោះហើរកំពុងចាប់ផ្ដើមឡើងវិញ»។
ដោយមិនបានបញ្ជាក់ពីចំនួនជើងហោះហើរដែលត្រូវបានលុបនេះ ស្ដ្រីអ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «តែយ៉ាងណាក្ដី នឹងមានការពន្យារពេល ដោយខ្លះតម្រូវឲ្យមានភាពម៉ត់ចត់ ដែលអាចពេញមួយថ្ងៃតែម្ដង។ ជើងហោះហើរក៏នឹងត្រូវបានលុបចោលពេញមួយថ្ងៃផងដែរ»។
អ្នកនាំពាក្យនគរបាលសហព័ន្ធបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៩:៤៥នាទី ម៉ោងក្នុងស្រុក (ត្រុវនឹងម៉ោង ៧:៤៥នាទី ម៉ោងសកល) នៅពេលដែលបុរសម្នាក់ចុចប៊ូតុងសង្គ្រោះបន្ទាន់ដែលបើកផ្លូវរត់ភៀសខ្លួន ដោយបានចូលដោយគ្មានការអនុញ្ញាតទៅកាន់តំបន់សន្តិសុខ ដោយបន្ថែមថា បុរសនោះទំនងជាវង្វេងផ្លូវ៕

