ទីក្រុងប៉េកាំងបានឲ្យដឹងនៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីរបស់សហភាពមីយ៉ាន់ម៉ា លោក មីន អ៊ុង ឡាំង (Min Aung Hlaing) នឹងទៅទស្សនកិច្ចប្រទេសចិន នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោក គឺលោក ស៊ី ជីនពីង (Xi Jinping)។
យោងតាមក្រសួងការបរទេសចិន បានឲ្យដឹងថា លោក មីន អ៊ុង ឡាំង ដែលរដ្ឋាភិបាលរបស់លោក បានសន្យាថា នឹងបង្កើនពាណិជ្ជកម្មជាមួយចិន នឹងមកទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមិថុនា។
អ្នកនាំពាក្យក្រសួង លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ប្រទេសចិនទន្ទឹងរង់ចាំធ្វើការជាមួយសហភាពមីយ៉ាន់ម៉ា តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី មីន អ៊ុង ឡាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ដំណើរនេះនឹងក្លាយជាទស្សនកិច្ចផ្លូវរដ្ឋទី២ របស់មេដឹកនាំមីយ៉ាន់ម៉ា ចាប់តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីស៊ីវិល ក្នុងខែមេសា បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍នេះត្រូវបានស្ថិតនៅក្នុងស្ថានភាពឯកោខាងការទូត ចាប់តាំងពីមានរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi)។ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយក្រុមប្រឆាំងជាច្រើន ចាប់តាំងពីរដ្ឋប្រហារនោះ៕

