ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញនូវសុទិដ្ឋិនិយម អំពីកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បន្តកិច្ចប្រឹងប្រែងរបស់លោក ក្នុងផ្ដល់រូបភាពអំពីកិច្ចព្រមព្រៀងដែលអាចកើតមាននេះថា ជាសមិទ្ធផល សម្រាប់អ៊ីស្រាអែល ឬយ៉ាងហោចណាស់កម្រិតការខូចខាតខាងនយោបាយនៃកិច្ចព្រមព្រៀង ដែលមិនដោះស្រាយកង្វល់ភាគច្រើនរបស់អ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក Netanyahu បានផ្ដល់ការសន្យាថា៖ «ដរាបណាខ្ញុំជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។ លោកបានបន្តថា៖ «មានកិច្ចព្រមព្រៀងពេញលេញ រវាងលោកប្រធានាធិបតី Trump និងរូបខ្ញុំ ជុំវិញបញ្ហានេះ»។
លោក Netanyahu និយាយទៀតថា លោកបានដឹកនាំការប្រយុទ្ធអន្តរជាតិ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ។ លោកបានបញ្ជាក់ថា៖ «បើគ្មានការតស៊ូនេះទេ អ៊ីរ៉ង់នឹងផលិតបានគ្រាប់បែកនុយក្លេអ៊ែរជាយូរមកហើយ ដើម្បីបំផ្លាញអ៊ីស្រាអែល»។
លោកបានសង្កត់ធ្ងន់ថា៖ «អ៊ីរ៉ង់កំពុងធ្វើការ ដើម្បីបំផ្លាញរដ្ឋជ្វីហ្វ ហើយខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំ ដើម្បីរារាំងពួកគេមិនសម្រេចកិច្ចការនេះ។ ដរាបណាខ្ញុំជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល រៀងនោះនឹងមិនកើតឡើងឡើយ»៕