អគ្គិភ័យ បានឆាបឆេះអាកាសយានដ្ឋាន Wellington របស់ប្រទេសណូវែលសេឡង់នាថ្ងៃសុក្រនេះ បង្ខំឲ្យមានការជម្លៀសមនុស្សចេញពីចំណតធំ និងបង្វែរទិសដៅហោះហើរ ។
អ្នកនាំពាក្យទីភ្នាក់ងារពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់ណូវែលសេឡង់ និយាយថា ក្រុមការងាររបស់ពួកគេ បានចូលរួមការពន្លត់ភ្លើងជាមួយក្រុមពន្លត់អគ្គីភ័យផ្ទាល់ខ្លួនរបស់អាកាសយានដ្ឋាន ។
ពួកគេនិយាយថា រថយន្តពន្លត់អគ្គិភ័យ ៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យមានជណ្តើរ ២គ្រឿង បាននៅកន្លែងកើតហេតុ ។ អគ្គិភ័យនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងកាលពីវេលាម៉ោង ៧ និង ១៥នាតី យប់ ម៉ោងក្នុងស្រុក ថ្ងៃសុក្រនេះ ។
អាកាសយានដ្ឋាន Wellington និយាយថា ចំណតនៅភាគនិរតី និងចំណតធំ ត្រូវបានជម្លៀសមនុស្សចេញ ហើយពុំមានអ្នករងរបួសណាម្នាក់ ត្រូវបានគេរាយការណ៍នោះទេ ។
ពួកគេបន្តថា ជើងហោះហើរទៅកាន់អាកាសយានដ្ឋាន Wellington ត្រូវបានបង្វែរទិសដៅបណ្តោះអាសន្ន ហើយអ្នកដំណើរ ត្រូវបានណែនាំឲ្យត្រួតពិនិត្យជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ ដើម្បីស្វែងរកជើងហោះហើរច្បាស់លាស់ ៕