អ្នកនយោបាយឈានមុខគេមួយរូបរបស់ក្រុមហេសបូឡា បាននិយាយនៅថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ក្រុមនេះមានទំនុកចិត្តថា អ៊ីរ៉ង់នឹងទទូចឲ្យរួមបញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ខណៈដែលក្តីសង្ឃឹមបានកើនឡើង សម្រាប់កិច្ចព្រមព្រៀង រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។
ក្រុមហេសបូឡាដែលត្រូវបង្កើតឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្នុងឆ្នាំ១៩៨២ បានចូលរួមក្នុងជម្លោះ ក្នុងតំបន់ ដើម្បីគាំទ្រទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២ ខែមីនា ដោយបានបើកការបាញ់ប្រហារទៅលើអ៊ីស្រាអែល និងជំរុញឲ្យមានការវាយលុករបស់អ៊ីស្រាអែល ជាជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសលីបង់។
មន្ត្រីអ៊ីរ៉ង់បានទទូចម្តងហើយម្តងទៀតឲ្យបញ្ចប់ការប្រយុទ្ធនៅលីបង់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយណាមួយ។
នៅក្នុងសម្រង់នៃសុន្ទរកថាដែលចាក់ផ្សាយដោយទូរទស្សន៍ al-Manar របស់ក្រុមនេះ អ្នកនយោបាយរបស់ក្រុមហេសបូឡា លោក Hassan Fadlallah បាននិយាយថា៖ «ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើង យើងមានទំនុកចិត្តទាំងស្រុងលើសាធារណរដ្ឋឥស្លាម។ យើងមានទំនុកចិត្តថា ប្រទេសនេះនឹងទទូចលើកិច្ចព្រមព្រៀងណាមួយ ដែលរួមមានទាំងឯកសាររបស់ប្រទេសលីបង់»។
គួរបញ្ជាក់ថា សង្គ្រាមនៅលីបង់ បានបន្ត ទោះបីជាបទឈប់បាញ់ជាច្រើនដង ត្រូវបានប្រកាសដោយសហរដ្ឋអាមេរិកដែលបានសម្របសម្រួលការចរចា រវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែលក៏ដោយ។ ក្រុមហេសបូឡាមិនមែនជាភាគីនៃកិច្ចចរចាទេ ហើយបានទាមទារឲ្យរដ្ឋាភិបាលលីបង់ចាកចេញពីដំណើរការនេះ៕