នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នៅឯវិមាន Villa Pamphili ស្ថិតក្នុងទីក្រុងរ៉ូម នាថ្ងៃសុក្រនេះ ។
លោកស្រី Meloni និងលោក Jae Myung បានជួបគ្នានៅមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប(EU) ហើយនិងកិច្ចប្រជុំក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 នាសប្តាហ៍ក្រោយ ដែលពួកគេទាំង ២នាក់ នឹងចូលរួមផងដែរ ។
អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី Meloni ទៅកាន់កូរ៉េខាងត្បូងកាលពីខែមករា មេដឹកនាំទាំង ២ បានយល់ព្រមពង្រឹងកិច្ចសន្ទនាយុទ្ធសាស្រ្តស្តីពីបញ្ហាក្នុងតំបន់ និងលើសកលលោក ហើយនិងជំរុញកិច្ចសហប្រតិបត្តិការនៅលើវិស័យពាណិជ្ជកម្ម ការវិនិយោគទុន ឧស្សាហកម្មរីកចម្រើន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរទស្សនៈពីមនុស្សទៅមនុស្ស ។
លោក Jae Myung ដែលស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអ៊ីតាលីក្នុងសប្តាហ៍នេះ បានជួបប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella កាលពីថ្ងៃព្រហស្បតិ៍ ហើយនិងត្រូវចូលរួមជំនួបជាមួយជាមួយសម្តេចប៉ាប Leo នៅឯវិមានវ៉ាទីកង់នាថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយ ៕