ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ការស្លាប់មនុស្ស ២នាក់ដែលទាក់ទងនឹងជំងឺ Ebola ត្រូវបានបញ្ជាក់នៅក្នុងជំរំភៀសខ្លួនមួយ នៅភាគខាងកើតនៃប្រទេសកុងហ្គោ ដោយបុគ្គលិកជំនួយ បានព្រមានថា ហានិភ័យនៃជំងឺនេះ ដែលរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទីតាំងជនភៀសខ្លួនមានមនុស្សច្រើនកកកុញ គឺមានកម្រិតខ្ពស់ និងគួរឲ្យព្រួយបារម្ភណាស់។
ជនរងគ្រោះទាំង ២នាក់នោះ គឺជាជនភៀសខ្លួនក្នុងស្រុកដែលរស់នៅក្នុងជំរំ Kpangba ជាទីដែលមានជនភៀសខ្លួនចំនួន ៣០.០០០នាក់។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦)។
ឥឡូវនេះ វីរុសនេះបានរីករាលដាលពាសពេញខេត្តចំនួន ៣ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះឡើងនៃជំងឺនេះជាអាសន្នសុខភាពសាធារណៈដែលជាការព្រួយបារម្ភអន្តរជាតិនៅថ្ងៃទី១៧ ខែឧសភា។ ខេត្តទាំង ៣នោះ គឺ Ituri, South Kivu និង North Kivu ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះរាប់ទសវត្សរ៍ និងមានប្រជាជនជាង ៥លាននាក់ផ្លាស់ទីលំនៅ។
គិតត្រឹមថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសកុងហ្គោបានរាយការណ៍ពីករណីឆ្លងដែលបានបញ្ជាក់ចំនួន ៦៧៦ករណី និងអ្នកស្លាប់ចំនួន ១៣៦នាក់ នៅក្នុងការផ្ទុះឡើងដែលរីករាលដាលទៅកាន់ប្រទេសជិតខាងអ៊ូហ្គង់ដាដែលបានរាយការណ៍ពីការឆ្លងចំនួន ១៩ករណី។ ការផ្ទុះឡើងនេះ ពាក់ព័ន្ធនឹងវីរុសជំងឺ Ebola ប្រភេទ Bundibugyo ដែលមិនមានការព្យាបាល ឬវ៉ាក់សាំងការពារដែលត្រូវបានអនុម័តឡើយ៕