
បុព្វជិតជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់លោក Ahmad Khatami និយាយប្រាប់ក្រុមគោរពបូជា អំឡុងពិធីបួងសួងនាថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល យល់តែ “ភាសាកម្លាំង”ប៉ុណ្ណោះ មិនមែន “ភាសាជជែក ឬបទឈប់បាញ់”នោះឡើយ ។
ថ្លែងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu លោក Khatami បានធ្វើការព្រមានថា “ជាមួយកំហុសតិចតួចបំផុត អ្នកនឹងត្រូវទះកំផ្លៀងយ៉ាងខ្លាំង” ។
សេចក្តីអត្ថាធិប្បាយរបស់លោក បានកើតមានឡើង ស្របពេលប្រភពនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អនុស្សរណៈយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ឈប់សង្រ្គាមតំបន់ឈូងសមុទ្រ អាចនឹងចុះហត្ថលេខានៅថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ខាងមុខនេះ ក្នុងនោះទីក្រុងហ្សឺណែវរបស់ប្រទេសស្វីស ទំនងជាក្លាយជាទីកន្លែងធ្វើជាម្ចាស់ផ្ទះ។
ប្រភពនោះបាននិយាយថា ភាសានៅក្នុងអនុស្សរណៈនេះ នៅតែស្ថិតក្នុងដំណាក់កាលបញ្ចប់ចុងក្រោយ ហើយអ៊ីរ៉ង់កំពុងប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួន ដែលថា កិច្ចព្រមព្រៀងនេះក៏ត្រូវតែបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ផងដែរ ជាកន្លែងដែលអ៊ីស្រាអែលបានប្រយុទ្ធជាមួយកងជីវពលហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ។
ប្រភពបន្តទៀតថា ដោយនៅរង់ចាំការបញ្ចប់ពាក្យពេចន៍ក្នុងអនុស្សរណៈយោគយល់នេះ នៅថ្ងៃទី១៣ ខែមិថុនា កិច្ចព្រមព្រៀងនេះ អាចត្រូវបានចុះហត្ថលេខាដោយអនុប្រធានាធិបតីអាមេរិក លោក J.D. Vance និងប្រធានសភាអ៊ីរ៉ង់ លោក Mohammed Baqer Qalibaf ៕