ក្រុមហេសបូឡា បាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ថា អ្នកប្រយុទ្ធរបស់ខ្លួនបានប្រឈមមុខតតាំងជាមួយកងកម្លាំងអ៊ីស្រាអែលដែលកំពុងរុលចូលទៅមុខទៅកាន់ទីក្រុងមួយនៅភាគខាងត្បូងប្រទេសលីបង់ ខណៈអ៊ីស្រាអែលបានបន្តវាយប្រហារនៅក្នុងប្រទេសលីបង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហេសបូឡានិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនដំបូងឡើយបានដាក់គោលដៅទៅលើកងទ័ពអ៊ីស្រាអែលដែលរុលចូលទៅទីក្រុង Majdal Zoun មានចម្ងាយប្រហែល៥គីឡូម៉ែត្រពីផ្នែកភាគខាងលិចព្រំដែន ដោយការបាញ់រ៉ូកែតដែលបានបង្ខំឱ្យពួកគេដកថយ។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល បានចេញការព្រមានជម្លៀសសម្រាប់ភូមិចំនួន៣នៅលីបង់ភាគខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងភាគខាងត្បូង រួមទាំងតំបន់ដែលមិនត្រូវបានរាប់បញ្ចូលក្នុងការព្រមានរបស់អ៊ីស្រាអែល។
សមាជិកក្បួនរថយន្តម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា ក្បួនរថយន្តដឹកជំនួយដែលរៀបចំដោយបេសកជនបុរីវ៉ាទីកង់ប្រចាំប្រទេសលីបង់ ធ្វើដំណើរឆ្ពោះទៅកាន់ភូមិអ្នកកាន់សាសនាគ្រិស្តនៅភាគខាងត្បូងដែលប្រជាជននៅតែរស់នៅទោះបីជាមានជម្លោះក៏ដោយ ត្រូវបានបញ្ឈប់ដោយយោធាអ៊ីស្រាអែល ហើយត្រូវបានបង្ខំឱ្យផ្លាស់ប្តូរទិសដៅ។ ប្រទេសលីបង់ ត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែលដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំ ដែលបានសម្លាប់មនុស្សជាង៣.៧០០នាក់នៅក្នុងប្រទេសលីបង់ ខណៈកំពុងកាន់កាប់ផ្នែកធំមួយនៅភាគខាងត្បូងប្រទេស។

