រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានពន្យល់ពីមូលហេតុដែលកិច្ចព្រមព្រៀងនៅមិនទាន់ត្រូវបានចុះហត្ថលេខា ដោយនិយាយថា មានការមិនចុះសម្រុងគ្នា ឬកម្រិតនៃការមិនចុះសម្រុងគ្នារវាងក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ និងមេដឹកនាំដទៃទៀត។

លោក Abbas Araghchi និយាយថា កិច្ចពិភាក្សាកំពុងត្រូវបានធ្វើឡើង ខណៈមិនទាន់មានទស្សនៈស្របគ្នានៅឡើយ ប៉ុន្តែនោះពុំមែនជារឿងធំដុំនោះទេ។ នៅចុងក្រោយ វានឹងត្រូវបានព្រមព្រៀង ហើយពុំមានថ្ងៃផុតកំណត់សម្រាប់រឿងនេះឡើយ ខណៈអាចយល់បានថា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ។ នៅពេលដែលវាត្រូវបានអនុម័ត នៅពេលចាប់ផ្តើម នឹងមានការចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកពីចម្ងាយ ហើយក្រោយមកទំនងជាមានកិច្ចប្រជុំរវាងភាគីទាំងពីរនៅកន្លែងណាមួយ ដើម្បីចុះហត្ថលេខា នៅលើឯកសារ។ ក្នុងចំណោមដំណាក់កាលទាំងពីរ ដំណាក់កាលទីមួយ គឺជាគន្លឹះនៃដំណើរការ ព្រោះនឹងមានបទឈប់បាញ់នៅគ្រប់កន្លែង រួមទាំងនៅប្រទេសលីបង់។ នឹងមានការដកចេញការបិទច្រកសមុទ្រ Hormuz ហើយក៏នឹងមានយន្តការមួយដើម្បីដោះស្រាយជាមួយនឹងការបញ្ចេញទ្រព្យសកម្មរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក។
ដំណាក់កាលទីពីរនឹងរួមបញ្ចូលឯកសារនុយក្លេអ៊ែរ និងចំណុចមួយចំនួនទៀត ដូចជា ការដកចេញទណ្ឌកម្មលើអ៊ីរ៉ង់។ ដូច្នេះ ពេលនេះមានសុទិដ្ឋិនិយមក្នុងកម្រិតមួយខុសពីពេលមុន។
ភាគីទាំងពីរកាន់តែខិតជិតជាងពេលណាៗទាំងអស់ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដែលសង្ឃឹមថានឹងនាំទៅដល់ការបញ្ចប់សង្គ្រាម។ ជាការពិតណាស់ ចំណុចជាប់គាំង ក្នុងករណីណាក៏ដោយ មិនថានៅដំណាក់កាលទីមួយ ឬដំណាក់កាលទីពីរនោះទេ វានឹងជាបញ្ហានៅប្រទេសលីបង់ ព្រោះនៅដំណាក់កាលទីមួយ គួរតែមានបទឈប់បាញ់នៅទីនោះ។
