យោធាអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) បានព្រមានអំពីការវាយប្រហារជិតកើតមាន នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយប្រាប់ឲ្យប្រជាជននៃទីក្រុង និងភូមិចំនួន ២០ ក្នុងនោះរួមទាំងភូមិជាច្រើននៅជិតទីក្រុង Nabatieh ផងដែរ ឲ្យជម្លៀសចេញ ដោយការព្រមាននេះនៅតែកើតឡើង ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡារបស់លីបង់ក៏ដោយ។
អ្នកនាំពាក្យយោធាជាភាសាអារ៉ាប់ លោក Avichay Adraee បានឲ្យដឹងនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា៖ «ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកគួរតែជម្លៀសចេញពីផ្ទះសម្បែងរបស់អ្នកជាបន្ទាន់ ហើយផ្លាស់ទៅភាគខាងជើងនៃទន្លេ Zahrani»។
អមដោយការចោទប្រកាន់ក្រុមនេះថា បានរំលោភលើបទឈប់បាញ់ លោកបានបន្ថែមថា៖ «អ្នកណាដែលនៅជិតទីតាំង ឬមធ្យោបាយធ្វើសង្គ្រាមរបស់ក្រុមហេសបូឡា កំពុងធ្វើឲ្យជីវិតរបស់ពួកគ្រោះថ្នាក់»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើការវាយលុកលើលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនា ដែលបានសម្លាប់មនុស្សជាង ៣.៧០០នាក់ និងរបួសជាង ១១.៤៨០នាក់ បន្ថែមពីលើការផ្លាស់ទីលំនៅរបស់មនុស្សជាង ១លាននាក់។
ទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី១៧ ខែមេសាក៏ដោយ ក៏ទីក្រុង Tel Aviv បានបន្តការវាយលុក តាមរយៈការបាញ់ផ្លោងជារៀងរាល់ថ្ងៃ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងយ៉ាងទូលំទូលាយ នៅក្នុងភូមិរាប់សិប៕


