នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង នៅថ្ងៃសៅរ៍ (ទី១៣ ខែមិថុនា ឆ្នាំ២០២៦) នេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅទ្វីបអឺរ៉ុប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។

បើយោងតាមក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងថា អំឡុងជើងទី១ នៃដំណើរទស្សនកិច្ចនេះ លោក Modi នឹងធ្វើកិច្ចប្រជុំទ្វេភាគី ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃអាទិត្យ ក្នុងទីក្រុង Nice ហើយមេដឹកនាំទាំង២ នឹង «ពិនិត្យឡើងវិញនូវវិសាលភាពពេញលេញ» នៃទំនាក់ទំនងទ្វេភាគីឥណ្ឌា-បារាំង។

សម្រាប់ជើងទី២ លោក Modi នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ស្លូវ៉ាគី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ហើយក្រសួងបានឲ្យដឹងទៀតថា នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ប្រទេសនេះ ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ១៩៩៣។
ជាមួយគ្នានេះ បើយោងតាមមន្ត្រី បានបញ្ជាក់ថា លោក Modi ក៏នឹងចូលរួមផងដែរក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) នាសប្តាហ៍ក្រោយ។ ក្រសួងបានបន្ថែមថា «ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីទៅកាន់ទ្វីបអឺរ៉ុប នឹងធ្វើឲ្យភាពជាដៃគូរបស់ឥណ្ឌាជាមួយបារាំង ស្លូវ៉ាគី និង G7 កាន់តែស៊ីជម្រៅបន្ថែម»។
នៅពេលដែលលោក Modi បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅថ្ងៃសៅរ៍នេះ លោកបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ «នឹងពង្រឹងការចូលរួមកាន់តែស៊ីជម្រៅរបស់ឥណ្ឌាជាមួយទាំងតំបន់អឺរ៉ុប និងក្រុមប្រទេស G7 ហើយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការពង្រីកជើងមេឃនៃភាពជាដៃគូរបស់យើងជាមួយទ្វីបអឺរ៉ុប និងតំបន់សផ្សេងទៀត»៕