ប្រទេសប៉ាគីស្ថាន និងអេហ្ស៊ីប បានស្វាគមន៍វឌ្ឍនភាព នៅក្នុងដំណើរការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា នឹងសម្រេចបានឆាប់ៗតាមដែលអាចធ្វើទៅបាន។
យោងតាមក្រសួងការបរទេសប៉ាគីស្ថាន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោក Ishaq Dar បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអេហ្ស៊ីបរបស់លោក គឺលោក Badr Abdelatty កាលពីល្ងាចថ្ងៃសុក្រ (ទី១២ ខែមិថុនា ឆ្នាំ២០២៦) ដោយភាគីទាំង២ ស្វាគមន៍អ្វីដែលពួកលោកបានពិពណ៌នាថា ជាសន្ទុះដ៏វិជ្ជមាននៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង ក្នុងតំបន់។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ថ្នាក់ដឹកនាំទាំង២ បានពិភាក្សាអំពីការវិវត្តចុងក្រោយបំផុត នៅតំបន់មជ្ឈិមបូព៌ា និងបានសម្តែងក្តីសង្ឃឹមថា ការចូលរួមជាបន្តបន្ទាប់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបង្កើតលទ្ធផលដំបូង និងប្រកបដោយភាពស្ថាបនា។

សេចក្ដីថ្លែងការណ៍ បានបន្ថែមថា ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំង២ ក៏បានយល់ស្របផងដែរ ក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ និងបន្តការពិគ្រោះយោបល់ លើបញ្ហាដែលមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
នៅថ្ងៃសុក្រនោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងលើ «ឯកសារចុងក្រោយ» សម្រាប់កតិកាសញ្ញាមួយ ដើម្បីបញ្ចប់សង្គ្រាម។ ប្រទេសប៉ាគីស្ថានបានដើរតួនាទីសម្របសម្រួល រវាងប្រទេសទាំង២ ដែលធ្វើសង្គ្រាមជាមួយគ្នា ចាប់តាំងពីខ្លួនបានសម្របសម្រួលឲ្យមានបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ដើម្បីបញ្ឈប់សង្គ្រាមដែលបានចាប់ផ្តើមកាលថ្ងៃទី២៨ ខែកុម្ភៈ៕
