មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងឱ្យដឹងថា គិតក្នុងរយៈពេល ៥ខែដូចគ្នា រវាងឆ្នាំ២០២៦ និងឆ្នាំ២០២៥ ការនាំចូលទំនិញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជានៅតែបន្តធ្លាក់ចុះជាខ្លាំង ដោយការចលនាពហិការរបស់ប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងកិច្ចសន្ទនាពិសេស-គយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដោយសារស្មារតីចលនាពហិការ បានធ្វើឱ្យទំនិញពាណិជ្ជកម្មថៃធ្លាក់ចុះច្រើនមែនទែន ក្នុងនោះ ក្រៅពីទំនិញទូទៅ ទំនិញដែលជាប់បំរាមរបស់កម្ពុជា មានដូចជា បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈនិងឧស្ម័នគឺសូន្យតែម្តង ពោលមិនមានការនាំចូលទៀតទេ។
ឯកឧត្តមបណ្ឌិត បានរៀបរាប់ថា ទំនិញថៃដែលមានការធ្លាក់ចុះយ៉ាងគំហុគនេះ រួមមាន៖ ភេសជ្ជះគ្រប់ប្រភេទ ធ្លាក់ចុះប្រមាណ ៩៨%, កាហ្វេ តែ ធញ្ញជាតិ និងអាហារកែច្នៃជាដើម ធ្លាក់ចុះ៨៦%, ទំនិញដែលជាផលិតផលជាលក្ខណៈប្លាស្ទិក និងកៅស៊ូ ធ្លាក់ចុះ៦៩%, គ្រឿងចក្រកសិកម្មជាដើម ធ្លាក់ចុះ៥៧% ហើយវត្ថុធាតុដើមជាប្លាស្ទិកនិងកៅស៊ូធ្លាក់ ៦៨%។ ឯកឧត្តម បានបន្តថា នេះជាតួលេខដែលបញ្ជាក់ថា ទោះបីជាទំនិញមិនហាមឃាត់ ហើយអ្វីដែលប្រជាជនកម្ពុជាពហិកាឈប់ប្រើគឺធ្លាក់ចុះដល់សូន្យទៅហើយ។ ឯកឧត្តម ជឿជាក់ថា នៅពេលខាងមុខនេះតទៀត ការនាំចូលទំនិញពីថៃនឹងនៅតែបន្តធ្លាក់ចុះថែមទៀត ដោយសារការពហិកានេះ។
ទាក់ទិនការលើកឡើងខាងលើនេះ ឧកញ៉ា ស៊ិន ចន្ធី អ្នកជំនាញក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានឱ្យដឹងថា ការនាំចូលពីថៃ ភាគច្រើនជាប្រភេទទំនិញ សម្ភារៈ និងវត្ថុធាតុដើម ដែលប្រើប្រាស់ចាំបាច់សម្រាប់បម្រើដល់ឧស្សាហកម្ម និងផលិតកម្ម ដូចជា គ្រឿងបង្គុំ គ្រឿងបន្លាស់ គ្រឿងដំឡើង គ្រឿងសម្រាប់ជួសជុល និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម ដែលត្រូវបាននាំចូលតាមផ្លូវទឹក បន្ទាប់ពីប្រទេសទាំងពីរបានបិទព្រំដែនគោក។ ចំណែកការនាំចូលមុខទំនិញមួយចំនួន ដូចជា ភេសជ្ជៈ អាហារកែច្នៃមួយចំនួន ប្រេងឥន្ធនៈ បន្លែ និងផ្លែឈើ មិនត្រូវបាននាំចូលទៀតឡើយ។
បើយោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល ៥ខែ ដើមឆ្នាំ២០២៦នេះ ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុបជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៨.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានតម្លៃជាង ១.៨ ពាន់លានដុល្លារ។ ក្នុងនោះ ថៃនាំចូលទំនិញមកកម្ពុជាមានតម្លៃ ៨៥៤លានដុល្លារ ថយចុះ ៤២.៤% ស្របពេលកម្ពុជានាំចេញទៅថៃវិញ មានតម្លៃជាង ២៩៦ លានដុល្លារ ថយចុះ ២៥%៕
អត្ថបទ៖ ឈិត បូរ៉ាវី







