មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យ ១៤ មិថុនា ថា ពួកគេបានព្រមព្រៀងគ្នាលើក្របខ័ណ្ឌសន្តិភាពសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន បញ្ឈប់ការបិទផ្លូវទឹកកំពង់ផែរបស់អ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលអាចនាំឱ្យតម្លៃថាមពលធ្លាក់ចុះ នៅពេលការដឹកជញ្ជូនប្រេងបន្តឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ។

លោក Trump បានសរសេរលើបណ្ដាញសង្គម Truth Social របស់លោកនៅម៉ោងប្រហែល ៥:៣០នាទី ល្ងាច ម៉ោងក្នុងស្រុកនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឥឡូវនេះបានបញ្ចប់ហើយ មិនយូរប៉ុន្មានបន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ដែលប្រទេសរបស់លោកបានដើរតួនាទីជាអ្នកសម្របសម្រួល បានប្រកាសថាកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅព្រឹកថ្ងៃចន្ទ១៥មិថុនានេះ ម៉ោងក្នុងស្រុក។

លោក Sharif បានសរសេរថា សន្ធិសញ្ញានេះនឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រ ១៩មិថុនាសប្ដាហ៍នេះ នៅប្រទេសស្វីស។
លក្ខខណ្ឌពិតប្រាកដនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានគេដឹងភ្លាមៗនោះទេ។ លោក Sharif បាននិយាយនៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X ថា សន្ធិសញ្ញានេះបានអំពាវនាវឱ្យមានការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។
លោក Trump បាននិយាយថា ច្រកសមុទ្រហ័រមូស ជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល ដែលអ៊ីរ៉ង់បានបិទអស់រយៈពេលជាច្រើនខែ នឹងបើកនៅថ្ងៃសុក្រ ហើយថាលោកបានបញ្ជាឱ្យបញ្ចប់ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយនឹងត្រូវបានចរចាក្នុងអំឡុងពេលឈប់បាញ់រយៈពេល៦០ ថ្ងៃ រួមទាំងការបន្ធូរបន្ថយទណ្ឌកម្មផងដែរ។ ប្រភពព័ត៌មានជាច្រើនធ្លាប់បានប្រាប់សារព័ត៌មាន Reuter ថា ជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក៏នឹងត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចពិភាក្សានៅពេលក្រោយផងដែរ៕

