លោក Rockford Weitz សាស្ត្រាចារ្យអនុវត្តការសិក្សាអំពីសមុទ្រនៅសាលា Fletcher នៃសាកលវិទ្យាល័យ Tufts និយាយថា រឿងដំបូងដែលនឹងត្រូវធ្វើក្នុងការធ្វើឱ្យចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz គឺប្រតិបត្តិការដោះគ្រាប់មីន។

លោក Weitz បាននិយាយថា «ឧស្សាហកម្មដឹកជញ្ជូន ត្រូវតែមានទំនុកចិត្តក្នុងការបន្ត។ ដូច្នេះយើងនឹងតាមដានយ៉ាងដិតដល់នៅសប្តាហ៍នេះអំពីរបៀបដែលអ្វីៗដំណើរការ។ នៅពេលដែលនាវាចាប់ផ្តើមចូលទៅច្រកសមុទ្រនោះ នាវាមួយចំនួននឹងដំណើរការដំបូងហើយក្រោយមកនាវាជាច្រើនគ្រឿងទៀតនឹងចូលទៅជាបន្តបន្ទាប់ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន»។ លោកបាននិយាយបន្ថែមថា វាអាចចំណាយពេលច្រើនខែសម្រាប់លក្ខខណ្ឌនានានៅច្រកសមុទ្រ Hormuz ដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពវិញទាំងស្រុង។

លោកបាននិយាយថា «នេះគឺជាការរំខានដល់ការដឹកជញ្ជូនយូរជាងការរំពឹងទុក ហើយឧស្សាហកម្មដឹកជញ្ជូននឹងមានភាពស្ទាក់ស្ទើរនៅពេលដំបូងក្នុងការបន្តដំណើរការទាំងស្រុង»។ «មួយវិញទៀត រោងចក្រផលិតទាំងប្រេងនិងឧស្ម័ន ត្រូវបានបំផ្លាញនៅក្នុងប្រទេសឈូងសមុទ្រមួយចំនួន រួមមានទាំងនៅប្រទេសកាតា អារ៉ាប៊ីសាអ៊ូឌីត និងកូវ៉ែត ដូច្នេះនឹងចំណាយពេលច្រើនខែដើម្បីស្តារឡើងវិញ»។