លោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអាទិត្យថា ការបញ្ចប់ជម្លោះនៅអ៊ុយក្រែនគឺមានសារៈសំខាន់ ហើយលោកត្រៀមខ្លួនជួយ។

លោក Ushakov ដែលបាននិយាយថា មេដឹកនាំទាំងពីរបានជជែកគ្នារយៈពេល៥៥ នាទី ក៏បាននិយាយផងដែរថា លោក Trump បានប្រាប់លោក Putin ថា កិច្ចព្រមព្រៀងមួយស្តីពីការបញ្ចប់ជម្លោះនៅអ៊ីរ៉ង់ជិតបានចុះហត្ថលេខាហើយ។
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងការអត្ថាធិប្បាយដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងថា ទាក់ទងនឹងជម្លោះអ៊ុយក្រែន លោក Donald Trump បានសង្កត់ធ្ងន់ម្តងទៀតថា ការបញ្ឈប់អរិភាពគឺមានសារៈសំខាន់ណាស់។

លោកបានបន្ថែមថា លោកTrump បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពជាមួយដៃគូអឺរ៉ុប និងទីក្រុងគីវ រួមទាំងការចរចានៅឯកិច្ចប្រជុំកំពូល G7 ដោយសំដៅទៅលើកិច្ចប្រជុំកំពូលនៃប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 នៅសប្តាហ៍នេះនៅរមណីយដ្ឋាន Evian របស់ប្រទេសបារាំង។
លោកក៏បានដកស្រង់សម្តីរបស់លោក Trump ផងដែរ ដែលបាននិយាយថា ដំណោះស្រាយរហ័សនឹងអនុញ្ញាតឱ្យទស្សនវិស័យបើកចំហសម្រាប់គុណភាពថ្មីនៃទំនាក់ទំនងអាមេរិក-រុស្ស៊ី។
មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីរូបនេះ បាននិយាយថា លោក Putin បានប្រាប់ប្រធានាធិបតីអាមេរិកវិញ ថា ការវាយប្រហារកាន់តែខ្លាំងពីសំណាក់អ៊ុយក្រែនដាក់គោលដៅលើប្រទេសរុស្ស៊ី នឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិបានឡើយ៕

