ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃចន្ទ១៥មិថុនានេះថា មនុស្ស៤នាក់ត្រូវបានសម្លាប់ ខណៈទីតាំងវិហារសាសនាគ្រិស្ត Kyiv Pechersk Lavra ដែលជានិមិត្តរូបនៃប្រវត្តិសាស្ត្រដួងព្រលឹង និងវប្បធម៌អ៊ុយក្រែន បានឆាបឆេះ ក្នុងការវាយប្រហារតាមអាកាសដ៏ធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែនក្នុងរយៈពេលពីរសប្តាហ៍មកនេះ ដោយជំរុញឱ្យប្រជាជនរត់រកកន្លែងជ្រកកោនសុវត្ថិភាព។

មនុស្ស៤នាក់ស្លាប់ និង២៣នាក់រងរបួស ខណៈបណ្ដាញអគ្គិសនី ត្រូវបានកាត់ផ្ដាច់ក្នុងតំបន់នានានៃរដ្ឋធានីគីវ ចំណែក៥នាក់ទៀត បានស្លាប់ និងយ៉ាងហោចណាស់៥នាក់ផ្សេងទៀត បានរងរបួសក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី២របស់អ៊ុយក្រែន។

លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធានៃរដ្ឋធានី គីវ បាននិយាយនៅលើ Telegram ថា Kyiv Pechersk Lavra ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលបង្កើតឡើងក្នុងឆ្នាំ១០៥១ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយផ្ទាល់។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយនៅលើបណ្ដាញសង្គម Xថា មានការវាយប្រហារយ៉ាងឃោរឃៅទៅលើប្រជាជន និងបេតិកភណ្ឌរបស់ពួកលោកស្រី។
ខណៈអណ្តាតភ្លើងដ៏ខ្ពស់កំពុងឆាបឆេះលើទីតាំងបុរាណឋាន អ្នកស្រុកបានជ្រកកោននៅក្រោមដីក្នុងការវាយប្រហារដ៏អាក្រក់បំផុតរបស់រុស្ស៊ីលើអ៊ុយក្រែនចាប់តាំងពីដើមខែមិថុនានេះ នៅពេលយានដ្រូន និងមីស៊ីលបានសម្លាប់មនុស្សជាង ២០ នាក់ និងបណ្ដាលឱ្យមនុស្សជាង១០០ នាក់រងរបួស។
យោងតាមក្រុមអាជ្ញាធរទីក្រុងគីវ យានដ្រូន និងមីស៊ីល បានវាយប្រហារអគារអឹផាតមិនខ្ពស់ៗជាច្រើន និងបំផ្លាញបណ្ដាញខ្សែភ្លើងថាមពល ដែលធ្វើឱ្យអ្នកស្រុកប្រហែល ១៤០.០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់៕