ប្រជាជនទីក្រុងគីវ បានស្វែងរកទីជម្រកនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីនៅថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ ខណៈរុស្ស៊ីបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលទ្រង់ទ្រាយធំទៅលើរដ្ឋធានីរបស់អ៊ុយក្រែន។

អភិបាលក្រុង លោក Vitali Klitschko បាននិយាយនៅលើបណ្តាញ Telegram ថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងគីវ បានធ្វើការដើម្បីរុញច្រានការវាយប្រហារកាលពីពេលយប់។ លោកបានជំរុញឱ្យប្រជាជនស្វែងរកទីជ្រកកោន និងបានរាយការណ៍ថា រថយន្តជាច្រើនគ្រឿងបានឆេះបន្ទាប់ពីត្រូវបានវាយប្រហារដោយយានដ្រូន។
អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សជាង២០នាក់បានរងរបួស ហើយទីតាំងវប្បធម៌ប្រវត្តិសាស្ត្ររបស់អ៊ុយក្រែនមួយកន្លែង បានឆេះបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើរដ្ឋធានីអ៊ុយក្រែន។
អភិបាលក្រុង លោក Vitali Klitschko បាននិយាយថា ការវាយប្រហារនេះ បានបំផ្លាញបណ្តាញខ្សែអគ្គិសនី និងបានបណ្តាលឱ្យប្រជាជនទីក្រុងគីវចំនួន ១៤០.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយលំនៅឋាន និងរថយន្តមួយចំនួនបានឆេះបន្ទាប់ពីត្រូវបានវាយប្រហារ។
