ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជំរុញឱ្យអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ អនុវត្តភាពអត់ធ្មត់ ដូច្នេះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចលេចចេញជារូបរាងជាក់ស្តែង។ លោក Trump បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ បន្ទាប់ពីយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការដ្ឋានរបស់ក្រុមហេសបូឡា នៅក្នុងតំបន់ជាយក្រុងនៃរដ្ឋធានីបេរូត ប្រទេសលីបង់។ អ៊ីស្រាអែល និយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការបាញ់ប្រហាររបស់ក្រុមហេសបូឡា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។

លោក Trump បានសរសេរថា ការវាយប្រហាររបស់អ៊ីស្រាអែល «មិនគួរកើតឡើងទេ ជាពិសេសនៅថ្ងៃពិសេសមួយ នៅពេលដែលយើងឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់»។ លោក Trump បានថ្លែងថា «អ៊ីស្រាអែល មានសិទ្ធិការពារខ្លួនប្រឆាំងការគំរាមកំហែង»។ ប៉ុន្តែលោក បានអះអាងថា ការវាយប្រហារដែលលើអ៊ីស្រាអែលដែលឆ្លើយតបនោះគឺតូចតាចនិងគ្មានន័យ គ្មាននរណាម្នាក់រងរបួស ឬស្លាប់ឡើយ»។ លោក Trump បាននិយាយបន្តថា «យើងឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងនាំមកនូវសន្តិភាពដល់តំបន់ រួមទាំងប្រទេសលីបង់ផងដែរ»។ លោកបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ដកថយ។ លោក Trump បានសង្កត់ធ្ងន់ថា «នេះអាចជាការចាប់ផ្តើមនៃសន្តិភាពយូរអង្វែង និងស្អាតស្អំ សូមកុំបំផ្លាញវា»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សបីនាក់រួមមានស្ត្រីពីរនាក់បានស្លាប់ និង១៦នាក់ផ្សេងទៀតរងរបួស។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ការឈ្លានពានរបស់អ៊ីស្រាអែល បានបង្ហាញថា សហរដ្ឋអាមេរិក ខ្វះទាំងឆន្ទៈ ឬសមត្ថភាពក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន។