ការប្រកួតជុំទី១ នៃពូល E ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់ដោយក្រុមជម្រើសជាតិអាល្លឺម៉ង់ និងកូតឌីវ័រ ដណ្ដើមបាន ៣ ពិន្ទុរៀងខ្លួន និងកំពុងឈរនៅកំពូលតារាងពូល។
អាល្លឺម៉ង់ បានបង្ហាញទម្រង់លេងខ្លាំងក្លាពេលជួបក្រុមលំដាប់ទាបជាងខ្លួន ដោយយកឈ្នះ កូរ៉ាសាវ ក្នុងលទ្ធផលធំធេង ៧-១។
ជើងឯកពិភពលោក ៤ សម័យអាល្លឺម៉ង់បានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង និងបញ្ជាក់ពីភាពជាបេក្ខភាពប្រជែងពានឈានមុខមួយនៅ World Cup ឆ្នាំនេះ។
ខ្សែប្រយុទ្ធ Arsenal, Kai Havertz រកបានពីរគ្រាប់ម្នាក់ឯងក្នុងការប្រកួតនេះ ខណៈប្រាំគ្រាប់ទៀតរកបានដោយ Deniz Undav, Nathaniel Brown, Jamal Musiala, Nico Schlotterbeck និង Felix Nmecha។
ចំណែកការប្រកួតមួយគូទៀត កូតឌីវ័របានយកឈ្នះអេក្វាឌ័រ ១-០ តានតឹងដោយគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៩០ ពីកីឡាកររបស់ Manchester United, Amad Diallo។ ជ័យជម្នះនេះបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ ១៩ ប្រកួតជាប់គ្នារបស់អេក្វាឌ័រ និងធ្វើឱ្យកូតឌីវ័រឡើងឈរលេខ២ ក្នុងពូល។
ការប្រកួតជុំទី២ នឹងកាន់តែសំខាន់ ដោយអាល្លឺម៉ង់ត្រូវជួបកូតឌីវ័រ ក្នុងការប្រកួតដែលអាចកំណត់ក្រុមឡើងទៅវគ្គបន្ទាប់ ខណៈអេក្វាឌ័រ នឹងត្រូវប្រជែងជាមួយកូរ៉ាសាវ ដើម្បីស្វែងរកពិន្ទុដំបូងរបស់ខ្លួន៕អត្ថបទ៖នាង សុភាវុធ


