ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ បានសម្ដែងការមិនពេញចិត្ត និងស្តីបន្ទោសសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថាជាអ្នកទទួលខុសត្រូវចំពោះបញ្ហាដឹកជញ្ជូន ដែលបានបង្កឱ្យមានភាពច្របូកច្របល់នៅមុនការប្រកួតដំបូងរបស់ពួកគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។
ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Marcelo Bielsa បានបោះជំរំហ្វឹកហាត់នៅទីក្រុង Cancun ប្រទេសម៉ិកស៊ិក មុនធ្វើដំណើរទៅកាន់ទីក្រុង Miami សហរដ្ឋអាមេរិក ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតនៅព្រឹកស្អែក។ ប៉ុន្តែការធ្វើដំណើររបស់ពួកគេត្រូវបានពន្យារពេល បន្ទាប់ពីយន្តហោះដែលបានរៀបចំសម្រាប់ក្រុម មិនទទួលបានការអនុញ្ញាតឱ្យហោះហើរចូលសហរដ្ឋអាមេរិក។
តាមសេចក្ដីរាយការណ៍ បញ្ហានេះកើតឡើងដោយសារឯកសារពាក់ព័ន្ធនឹងយន្តហោះមិនទាន់បំពេញតាមលក្ខខណ្ឌ ដែលធ្វើឱ្យមិនអាចអនុម័តផ្លូវហោះហើរពី Cancun ទៅ Miami បានទាន់ពេលវេលា។
អំឡុងពេលរង់ចាំដំណោះស្រាយកីឡាករ និងក្រុមការងាររបស់អ៊ុយរូហ្គាយត្រូវស្នាក់នៅបន្តក្នុងសណ្ឋាគារ Mayakoba Complex ដែលស្ថិតនៅប្រមាណ 45 នាទីពីអាកាសយានដ្ឋានអន្តរជាតិ Cancun។
អ្នកនាំពាក្យរបស់សហព័ន្ធបាល់ទាត់អ៊ុយរូហ្កាយ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថា សហព័ន្ធអ៊ុយរូហ្គាយចាត់ទុក FIFA ជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ ខណៈ FIFA មិនទាន់ឆ្លើយតបចំពោះសំណើសុំការបំភ្លឺនៅឡើយទេ។
ជាមួយគ្នានេះគ្រូបង្វឹក Marcelo Bielsa ក៏ត្រូវបានកំណត់ឱ្យចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួតនៅកីឡដ្ឋាន Miami ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា កម្មវិធីនេះនឹងត្រូវពន្យារពេល ឬលុបចោលទាំងស្រុងនោះទេ។
អតីតខ្សែប្រយុទ្ធជើងចាស់ និងជាវីរបុរសបាល់ទាត់អ៊ុយរូហ្គាយ Diego Forlán ក៏បានបង្ហាញការមិនពេញចិត្តចំពោះស្ថានការណ៍នេះផងដែរ និងបានសង្កត់ធ្ងន់ថា ការត្រៀមលក្ខណៈប្រកួតដំបូងពិតជាសំខាន់បំផុតសម្រាប់ ដែលជះឥទ្ធិពលដល់ជោគវាសនារបស់ក្រុមនៅក្នុងព្រឹត្តិការណ៍។
សូមបញ្ជាក់ថា អ៊ុយរូហ្កាយស្ថិតក្នុងពូល H ដែលនឹងត្រូវជួបអារ៉ាប៊ីសាអ៊ូឌីតមុនគេ មុនបន្តជួបកាប់វែរ និងអេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ