លោកនាយករដ្ឋមន្ត្រី Robert Fico បានប្រកាសថា ស្លូវ៉ាគីនឹងទាមទារសំណងពីសហភាពអឺរ៉ុបសម្រាប់អាវុធដែលខ្លួនបានផ្តល់ឲ្យអ៊ុយក្រែន។ លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូដែលបានចេញផ្សាយនៅលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលមុនបានកុហកអំពីកិច្ចព្រមព្រៀងជំនួយ។
លោក Fico បានបញ្ឈប់ជំនួយយោធា និងការបញ្ជូនអាវុធទាំងអស់ដែលឧបត្ថម្ភដោយរដ្ឋទៅកាន់ទីក្រុង គីវ បន្ទាប់ពីឡើងកាន់អំណាចនៅឆ្នាំ ២០២៣។ លោកបានអះអាងថា រដ្ឋាភិបាលរបស់អ្នកកាន់តំណែងមុនរបស់លោក គឺលោក Eduard Heger បានធ្វើឲ្យស្លូវ៉ាគី គ្មានអ្វីជាទីពឹងនិងងាយរងគ្រោះយ៉ាងខ្លាំង ដោយសារការផ្តល់យន្តហោះចម្បាំង និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន។

នៅក្នុងឆ្នាំបន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ គណៈរដ្ឋមន្ត្រីរបស់លោក Heger បានអនុម័តការដឹកជញ្ជូនរថក្រោះ និងយានយន្តប្រយុទ្ធថ្មើរជើងរាប់សិបគ្រឿងសម័យសូវៀតទៅអ៊ុយក្រែន។ ឧបករណ៍ដែលបានបរិច្ចាគក៏រួមបញ្ចូលទាំងយន្តហោះចម្បាំង MiG-29 របស់សូវៀត និងប្រព័ន្ធមីស៊ីល S-300 ផងដែរ។ ទីក្រុង Bratislava បានប្រគល់គ្រឿងយុទ្ធោបករណ៍ដែលមានតម្លៃប្រហែល ៧០០ លានអឺរ៉ូ (៨០៩,៨លានដុល្លារ) ទៅទីក្រុងគីវរវាងឆ្នាំ ២០២២ និង ២០២៣។ នេះបើយោងតាមវិទ្យាស្ថានសេដ្ឋកិច្ចពិភពអាល្លឺម៉ង់ Kiel។
ដោយសំដៅទៅលើកិច្ចប្រជុំកំពូល EU ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៨-១៩ ខែមិថុនានេះ លោក Fico បាននិយាយកាលពីថ្ងៃអាទិត្យថា៖«នៅទីក្រុងប្រ៊ុចសែល ខ្ញុំនឹងលើកឡើងពីបញ្ហាសំណងសម្រាប់គ្រឿងយុទ្ធោបករណ៍ ដែលបានផ្តល់ទៅឲ្យអ៊ុយក្រែន»៕

