នៅថ្ងៃចន្ទនេះ អ៊ីរ៉ង់បានប្រកាសថា ខ្លួនទទួលបាន «ជ័យជម្នះដ៏អស្ចារ្យ» លើសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះរយៈពេលជាច្រើនខែរបស់ពួកគេភ្លាមៗ ដោយមន្ត្រីអ៊ីរ៉ង់ពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជាជ័យជម្នះផ្នែកយោធា និងនយោបាយជាជាងការសម្របសម្រួលផ្នែកការទូត។
អនុរដ្ឋមន្ត្រីការបរទេសលោក Kazem Gharibabadi បាននិយាយនៅក្នុងការអត្ថាធិប្បាយដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា៖«សត្រូវដែលបានវាយប្រហារដើម្បីអនុវត្តគោលបំណងអាក្រក់របស់ខ្លួន ត្រូវបរាជ័យទាំងស្រុង ហើយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានទទួលជ័យជម្នះ ដ៏អស្ចារ្យ នៅក្នុងសង្គ្រាមនេះ»។
លោក Gharibabadi បានបញ្ជាក់ថា៖«ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ និងភ្លាមៗ» ត្រូវបានប្រកាសនៅគ្រប់វិស័យទាំងអស់ រួមទាំងប្រទេសលីបង់ផងដែរ ហើយបាននិយាយថា ប្រតិបត្តិការយោធា នឹងបញ្ឈប់ចាប់ពីថ្ងៃចន្ទនេះតទៅ។
លោកបាននិយាយថា ការចរចាលើកិច្ចព្រមព្រៀងចុងក្រោយ នឹងបន្តក្នុងរយៈពេល ៦០ថ្ងៃ ប៉ុន្តែបានព្រមានថា ទីក្រុងតេអេរ៉ង់ នឹងចាត់វិធានការផ្ទាល់ខ្លួន ប្រសិនបើមាន «ការរំលោភពីភាគីម្ខាងទៀត»៕

