ទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានប្រកាសថា ការបោះឆ្នោតជ្រើសរើសប្រធានអាជ្ញាធរនេះ នឹងត្រូវធ្វើឡើង នៅឆ្នាំ ២០២៧។
លោក អាបាស ក៏បានចេញក្រឹត្យមួយ ដោយអំពាវនាវដល់ប្រជាជនប៉ាឡេស្ទីន ទាំងនៅក្នុងស្រុក និងនៅក្រៅទឹកដីនេះ ឲ្យចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន ដែលគ្រោងធ្វើឡើង នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន WAFA។

យោងតាម WAFA លោក អាបាស កាលពីថ្ងៃអាទិត្យបានចេញក្រឹត្យច្បាប់មួយ ដើម្បីបង្កើនការចូលរួមនយោបាយ និងពង្រីកតំណាងប្រជាធិបតេយ្យ។
ច្បាប់ថ្មីនេះ បង្កើនចំនួនអាសនៈនៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីនដល់ ២០០ ដោយបន្ថយសំឡេង បោះឆ្នោតអប្បរមាសម្រាប់ការឈ្នះអាសនៈដល់ ១ ភាគរយ និងបង្កើនចំនួនបេក្ខជនអប្បបរមា នៅក្នុងបញ្ជីបោះឆ្នោតនីមួយៗពី ១៦ ទៅ ២០នាក់»។ នេះបើយោងតាមការចុះផ្សាយរបស់ WAFA៕
