លោកប្រធានាធិបតី Ahmad al-Sharaa ត្រូវបានគេរំពឹងថា នឹងតំណាងឲ្យប្រទេសនេះ នៅក្នុងកិច្ចប្រជុំថ្ងៃទី ១៥-១៧ ខែមិថុនា នៅទីក្រុង Evian-les-Bains ភាគអាគ្នេយ៍ប្រទេសបារាំង។ លិខិតអញ្ជើញនេះ ត្រូវបានប្រគល់ជូនដោយផ្ទាល់ទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស៊ីរី លោក Yisr Barnieh។
វត្តមានរបស់ប្រទេសស៊ីរីនៅក្នុងកិច្ចប្រជុំកំពូលនេះ ទំនងជាផ្តោតលើតួនាទីដ៏មានសក្តានុពលរបស់ខ្លួនជាមជ្ឈមណ្ឌលភស្តុភារកម្មយុទ្ធសាស្ត្រ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជាពិសេសនៅក្នុងបរិបទនៃការរំខាន បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស។

ចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមរវាងអ៊ីរ៉ង់ និងសត្រូវរបស់ខ្លួននៅចុងខែកុម្ភៈ ដែលបណ្តាលឲ្យមានអស្ថិរភាពសេដ្ឋកិច្ចកាន់តែទូលំទូលាយ។
នៅពេលដែលប្រទេសស៊ីរីចេញពីសង្គ្រាមស៊ីវិលរយៈពេល ១៤ ឆ្នាំ ប្រទេសនេះផ្តោតលើការកសាងឡើងវិញនូវសេដ្ឋកិច្ចដែលត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរដោយជម្លោះ និងទណ្ឌកម្មអន្តរជាតិ។
ទោះបីជាការរឹតបន្តឹងជាច្រើនដែលដាក់ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad) ត្រូវបានបន្ធូរបន្ថយក៏ដោយ ប្រទេសនេះ នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈម សំខាន់ៗ ក្នុងការទាក់ទាញការវិនិយោគបរទេស និងការបង្កើតឡើងវិញនូវទំនាក់ទំនងធនាគារ ដែលមានស្ថិរភាព៕
