ប្រតិបត្តិការពន្លត់អគ្គិភ័យបានធ្វើឡើងនៅទូទាំងទីក្រុងគីវ ប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសធ្ងន់ធ្ងរបំផុតរបស់រុស្ស៊ីលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ក្នុងរយៈពេល ២សប្តាហ៍ ក្នុងនោះក្រុមអាជ្ញាធរជំរុញឲ្យអ្នកស្រុកស្វែងរកទីជម្រក ។
មនុស្ស ៤នាក់ ត្រូវបានសម្លាប់ ខណៈប្រាសាទ Kyiv Pechersk Lavra ដែលជានិមិត្តរូបនៃប្រវត្តិសាស្រ្តសាសនា និងវប្បធម៌អ៊ុយក្រែន រងការឆាបឆេះកាលពីយប់កន្លងទៅ ។
លោក Tymur Tkachenko គឺជារដ្ឋបាលយោធាក្រុងគីវ និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ប្រាសាទ Kyiv Pechersk Lavra ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ត្រូវបានកសាងឡើងកាលពីឆ្នាំ ១០៥១ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់នេះ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្រុងគីវ បានឲ្យដឹងថា យានដ្រូន និងមីស៊ីលជាច្រើនគ្រាប់ បានវាយប្រហារអគារផ្ទះល្វែងខ្ពស់ៗជាច្រើនខ្នង និងធ្វើឲ្យខូចខាតបណ្តាញចរន្តអគ្គិសនីផងដែរ បណ្តាលឲ្យមនុស្សប្រហែល ១៤ម៉ឺននាក់ គ្មានថាមពលប្រើប្រាស់ ។
យោធាអ៊ុយក្រែននិយាយនៅព្រឹកថ្ងៃចន្ទនេះថា រុស្ស៊ីបានបើកការវាយប្រហារមីស៊ីល ៧០គ្រាប់ និងយានដ្រូន ៦១១គ្រឿងលើអ៊ុយក្រែនទាំងយប់ ហើយនិងប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ បានបាញ់ទម្លាក់មីស៊ីល ៥០គ្រាប់ និងយានដ្រូន ៥៨២គ្រឿង ៕

