សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវការការចរចាដ៏តតាក់តតាំ និងតានតឹងជាង ២ខែ ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលបញ្ឈប់ការប្រយុទ្ធរបស់ភាគីទាំង២ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ហើយឥឡូវនេះ ត្រូវដល់ផ្នែកលំបាកៗហើយ។
កិច្ចព្រមព្រៀងបណ្ដោះអាសន្នដែលត្រូវបានប្រកាសដោយភាគីទាំង២ កាលពីយប់ថ្ងៃអាទិត្យ (ទី១៤ ខែមិថុនា ឆ្នាំ២០២៦) ពោលគឺនៅថ្ងៃខួបកំណើតគម្រប់វ័យ ៨០ឆ្នាំរបស់លោកប្រធានាធិបតី Donald Trump ទុកចន្លោះពេលដ៏តូចចង្អៀតត្រឹម ៦០ថ្ងៃ ដើម្បីចរចាបញ្ហា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាអ្វីដែលបានធ្វើឲ្យអ្នកកាន់តំណែងមុនរបស់លោក ជួបការលំបាកអស់រយៈពេលជាច្រើនឆ្នាំ។

អនុស្សរណៈនៃការយោគយល់គ្នា ដែលមិនទាន់ត្រូវបានចេញផ្សាយនៅឡើយនោះ នឹងត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១៩ ខែមិថុនា។ គម្លាតនោះបានបង្កើនលទ្ធភាពកាន់ខ្ពស់ ដែលថា ព័ត៌មានលម្អិត ស្ដីពីឯកសារ នៅតែមិនទាន់ដោះស្រាយ ហើយការចុះហត្ថលេខាអាចនឹងមិនកើតឡើង។ ភាពខុសគ្នាកំពុងលេចចេញឡើងហើយដែរ រវាងភាគីទាំង២ នៅក្នុងអ្វីដែលអាចសម្រេចបានពិតប្រាកដ ខណៈពេលដែលជម្លោះកំពុងក្ដៅគគុក រវាងអ៊ីស្រាអែល និងលីបង់ ក៏អាចនាំឲ្យមានការបែកបាក់ផងដែរ។ លោក Trump អះអាងថា កិច្ចព្រមព្រៀងដំបូងនេះ ស្មើនឹងការចាប់ផ្តើមនៃដំណើរការមួយ ដែលនឹងនាំទៅរកសន្តិភាពនៅក្នុងតំបន់។
ប៉ុន្តែអ្នកមានមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងនេះ អះអាងថា វាអាចនឹងបញ្ចប់ដោយគ្មានអ្វីក្រៅតែពីការផ្ដល់ភាពធូរស្រាលបណ្តោះអាសន្ននោះឡើយ ដោយសារវាមានភាពមិនច្បាស់ ដែលថា តើមានភាគីណាបានត្រៀមជាស្រេចហើយ ដើម្បីសម្របសម្រួលលើបញ្ហាធំៗដ៏ចម្រូងចម្រាសបំផុត ថា តើត្រូវផ្តល់ជំនួយសេដ្ឋកិច្ចប៉ុន្មានដល់អ៊ីរ៉ង់ ជាអ្វីដែលត្រូវដោះស្រាយជាមួយកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ និងថា តើកម្មវិធីមីស៊ីលបាលីស្ទិករបស់ប្រទេសនេះ ត្រូវដោះស្រាយយ៉ាងដូចម្ដេច។
លោក Michael O’Hanlon នាយកស្រាវជ្រាវគោលនយោបាយការបរទេស នៅវិទ្យាស្ថាន Brookings Institution នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «វាមិនមែនជារឿងមិនគួរឲ្យជឿនោះទេដែលភាគីអាចមានកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបើកច្រកសមុទ្រឡើងវិញ។ តែលើសពីនេះ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយមិនអាចទៅរួចនោះឡយ នៅពេលនេះ»៕
