មនុស្ស ៦នាក់ ត្រូវបានសម្លាប់ ក្រោយឧទ្ធម្ភាគចក្រ ២គ្រឿងបុកគ្នានៅលើអាកាសក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ មុនពេលវាធ្លាក់លើចំណតរថយន្តរបស់ហាងលក់រថយន្តអគ្គិសនីមួយកន្លែង ហើយនិងបង្កជាអគ្គិភ័យកើតឡើង ។
ក្រុមអាជ្ញាធរនៅទីក្រុង Rio de Janeiro បានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះទាំង ៦នាក់ នៅក្នុងហេតុការណ៍ឧទ្ធម្ភាគចក្របុកគ្នានេះ ។ នៅក្នុងចំណោមអ្នកស្លាប់ គឺជាតារាចម្រៀងអាមេរិក Oliver Tree និងតារា YouTube អាហ្សង់ទីនលោក Gaspar Prim ។
រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញបំណែកឧទ្ធម្ភាគចក្ររងការឆាបឆេះមួយគ្រឿង ហើយនិងផ្សែងហុយចេញពីបំណែកឧទ្ធម្ភាគចក្រមួយគ្រឿងទៀតនៅក្បែរនោះ ។
លោក Fabio Contreiras គឺជាអ្នកនាំពាក្យទីភ្នាក់ងារពន្លត់អគ្គិភ័យ និយាយថា អគ្គិភ័យកាន់តែធ្ងន់ធ្ងរឡើងដោយសារអាគុយលីចូមរបស់រថយន្តអគ្គិសនី ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ៤៥នាក់ និងរថយន្តពន្លត់អគ្គិភ័យប្រហែហល ១៥គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយអណ្តាតភ្លើងត្រូវបានគ្រប់គ្រងបាន ក្នុងរយៈពេលប្រហែល ១ម៉ោង ។
ដោយឡែក មូលហេតុដែលនាំឲ្យឧទ្ធម្ភាគចក្រ ២គ្រឿងនេះបុកគ្នា ពុំត្រូវបានគេដឹងច្បាស់ភ្លាមៗនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ៕

