ដោយដកស្រង់សម្តីពីបុគ្គលដែលស្និទ្ធនឹងស្ថានភាពនេះ សារព័ត៌មាន Financial Times (FT) នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា ប្រព័ន្ធផ្សព្វផ្សាយ BBC របស់ចក្រភពអង់គ្លេស គ្រោងនឹងកាត់ការងាររាប់រយកន្លែងនៅទូទាំងផ្នែកព័ត៌មានស្នូលរបស់ខ្លួន នាសប្តាហ៍ក្រោយ ដោយនេះជាផ្នែកដំបូងនៃការកាត់បន្ថយទំហំព័ត៌មានរបស់ខ្លួន។
យោងតាមរបាយការណ៍របស់សារព័ត៌មាន FT បានឲ្យដឹងថា នាយកដ្ឋានព័ត៌មាន នៅទូទាំងសាជីវកម្មនេះ ត្រូវបានបញ្ជាឲ្យកាត់បន្ថយប្រហែល ១ភាគ១០ នៃការចំណាយ ក្រោមផែនការទូលំទូលាយជាងមុន ដែលត្រូវបានគេរំពឹងថា នឹងនាំឲ្យមានការបាត់បង់ការងារសរុបប្រហែល ២.០០០កន្លែង ដើម្បីជួយសន្សំប្រាក់រាប់រយលានផោន។
ផ្នែកព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC ត្រូវបានកំណត់ឲ្យក្លាយជាផ្នែកដំបូងគេ ដែលនឹងបង្ហាញផែនការរបស់ខ្លួន នៅសប្តាហ៍ក្រោយ។ យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗនៅឡើយទេ៕

