ព្រះអង្គម្ចាស់ Marius Borg Høiby ដែលជាព្រះរាជបុត្រាមានព្រះជន្ម ២៩ឆ្នាំរបស់ម្ចាស់ក្សត្រីយ៍នៃប្រទេសន័រវ៉ែស គឺព្រះនាងម្ចាស់ Mette-Marit ត្រូវបានរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈចំនួន ២ករណី និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ។
ចៅក្រមទាំង ៣ នៅក្នុងបន្ទប់សវនាការលេខ២៥០ នៅតុលាការក្រុងអូស្លូ (Oslo District Court) បានសម្រេចឲ្យព្រះអង្គរួចទោសពីបទរំលោភសេពសន្ថវៈ ២ករណីផ្សេងទៀត ប៉ុន្តែបានរកឃើញថា ព្រះអង្គមានទោស សម្រាប់បទល្មើសជាច្រើនករណីទៀតដែលព្រះរាជបុត្រាអង្គនេះត្រូវបានចោទប្រកាន់។ ទ្រង់ Høiby មិនមានព្រះរាជវត្តមានដោយផ្ទាល់នៅតុលាការនោះទេ សម្រាប់សាលក្រមនេះ ប៉ុន្តែបានចូលរួមដំណើរការនេះតាមរយៈតំណភ្ជាប់វីដេអូ។
ព្រះរាជអាជ្ញាបានស្វែងរកឲ្យព្រះអង្គម្ចាស់ Høiby ជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និង ៧ខែ។ មេធាវីការពារក្តីរបស់ព្រះអង្គបានអំពាវនាវឲ្យមានការជាប់ពន្ធនាគារតិចជាង ១៨ខែ ហើយអាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនេះ។ បន្ទាប់ពីមានសាលក្រមនេះ មេធាវីការពារក្តីរបស់ទ្រង់ Høiby គឺលោក Petar Sekulic បានស្នើសុំតុលាការម្តងទៀតឲ្យមានការដោះលែងព្រះអង្គ។
ព្រះអង្គម្ចាស់ Høiby បានបដិសេធការចោទប្រកាន់បទរំលោភសេពសន្ថវៈទាំង ៤ករណី ប៉ុន្តែចៅក្រមបានកាត់ទោសព្រះអង្គពីបទរំលោភស្ត្រី ២នាក់ ក្នុងនោះរួមទាំងម្នាក់ធ្វើការនៅអចលនទ្រព្យរបស់ព្រះអង្គ នៅទីក្រុង Skaugum ក្នុងឆ្នាំ២០១៨ និងម្នាក់ទៀតពាក់ព័ន្ធនឹងស្ត្រីម្នាក់ នៅទីក្រុង Oslo ក្នុងឆ្នាំ២០២៤។
សំណុំរឿងប្ដឹងព្រះអង្គម្ចាស់ Høiby ពាក់ព័ន្ធនឹងស្ត្រី ៦នាក់ ប៉ុន្តែមានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងតុលាការ ដើម្បីស្តាប់សាលក្រម៕

